ភោជនីយដ្ឋានសរុប៩កន្លែងក្នុងខេត្តពោធិ៍សាត់ប្រកាសមិនលក់ម្ហូបធ្វើពីសាច់សត្វព្រៃឡើយ
(ខេត្តពោធិ៍សាត់)៖ ភោជនីយដ្ឋានចំនួន៤កន្លែងទៀតនៅក្នុងខេត្តពោធិ៍សាត់ បានប្រកាសប្ដេជ្ញាមិនលក់ម្ហូបដែលធ្វើពីសាច់សត្វព្រៃឡើយ ដើម្បីចូលរួមក្នុងការកាត់បន្ថយការបរបាញ់ និងសម្លាប់សាច់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ និងអភិរក្សសត្វព្រៃ ខណៈភោជនីយដ្ឋានដែលប្រកាសមិនលក់ម្ហូបធ្វើពីសាច់សត្វព្រៃសរុបនៅក្នុងខេត្តនេះកើនដល់ចំនួន៩ភោជនីយដ្ឋាន។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានក្នុងពិធីបើក យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ។
ជាមួយគ្នា អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា សាច់សត្វព្រៃមិនបានជួយព្យាបាលជំងឺនោះទេ ប៉ុន្តែវាអាចមានផ្ទុកមេរោគដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគទៅវិញទេ ព្រោះសត្វព្រៃវារស់នៅតាមតំបន់ធម្មជាតិ ហើយពួកវាអាចចម្លងវីរុស និងមេរោគមកពីមជ្ឈដ្ឋានដែលពួកវារស់នៅ។
គួរជម្រាបថា ក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូ ព្រមទាំងរដ្ឋបាលខេត្តពាក់ព័ន្ធនឹងបន្តដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលរួមមានយុទ្ធនាការតាមខេត្តទៅកាន់ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងខេត្តប៉ៃលិន។ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីកាត់បន្ថយ និងទប់ស្កាត់ចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន៕