ភោជនីយដ្ឋាន៥ទីតាំងនៅក្នុងខេត្តពោធិ៍សាត់ប្ដេជ្ញាមិនលក់ម្ហូបធ្វើពីសាច់សត្វព្រៃ
(ខេត្តពោធិ៍សាត់)៖ ភោជនីយដ្ឋានចំនួន៥កន្លែងនៅក្នុងខេត្តពោធិ៍សាត់ បានប្ដេជ្ញាមិនលក់ម្ហូបដែលធ្វើពីសាច់សត្វព្រៃឡើយ ដើម្បីចូលរួមក្នុងការកាត់បន្ថយការបរបាញ់ និងសម្លាប់សាច់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ និងអភិរក្សសត្វព្រៃ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និសីទស្ដីពី អន្ទាក់សូន្យដំណាក់កាលទី២ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។
អ្នកនាំពាក្យដដែលបញ្ជាក់ថា គិតមកទល់ពេលនេះ មានភោជនីយដ្ឋានសរុបប្រមាណជិត៥០កន្លែងហើយក្នុងខេត្តចំនួន៧ ដែលបានប្រកាសប្ដេជ្ញាមិនលក់ម្ហូបដែលធ្វើពីសាច់សត្វព្រៃ ដោយរាប់ទាំងខេត្តពោធិ៍សាត់ផងដែរ។
គួរជម្រាបថា ក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូ ព្រមទាំងរដ្ឋបាលខេត្តពាក់ព័ន្ធនឹងបន្តដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលរួមមានយុទ្ធនាការតាមខេត្តទៅកាន់ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងខេត្តប៉ៃលិន។ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីកាត់បន្ថយ និងទប់ស្កាត់ចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន៕