ស៊ីហ្គេម២០២៣៖ប្រតិភូកីឡាចុះឈ្មោះចូលរួម១២,៤០៤នាក់ ខណៈកម្ពុជាមានប្រតិភូជាង១,១០០នាក់

ការចុះឈ្មោះប្រតិភូកីឡាទាំង១១ប្រទេសសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅ មានចំនួនសរុប ១២,៤០៤នាក់ ក្នុងនោះប្រតិភូកីឡារបស់កម្ពុជាដែលជាម្ចាស់ផ្ទះមានសរុបចំនួន១,១៥៨នាក់។ នេះបើយោងតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) ក្នុងឱកាសទទួលទានអាហារសាមគ្គីជាមួយកីឡាករ-កីឡាការិនីជម្រើសជាតិ នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។

ថ្លែងរបាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ថោង ខុន បានបង្ហាញពីវឌ្ឍនភាពនៃដំណើការត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមរបស់ម្ចាស់ផ្ទះកម្ពុជា គិតត្រឹមថ្ងៃទី០៣មេសាថា ប្រភេទកីឡា ៣៧ដែលមានវិញ្ញាសាប្រកួត៥៨១ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងប្រភេទកីឡា១៣ ដែលមានវិញ្ញាសាប្រកួត៤៣១ ត្រូវបានអនុម័តដោយសហព័ន្ធកីឡាជនពិការអាស៊ាន។ រីឯទីលានប្រកួត និងកម្មវិធីប្រកួតក៏បានកំណត់រួចរាល់ផងដែរ។

ប្រតិភូកីឡាទាំង១១ប្រទេស ដែលបានចុះឈ្មោះទាំង១២,៤០៤នាក់ ក្នុងនោះរួមមាន៖ ប្រតិភូកីឡាកម្ពុជាដែលជាម្ចាស់ផ្ទះចំនួន១,១៥៨នាក់ ប្រតិភូកីឡាប៊្រុយណេ,១១៣នាក់ ប្រតិភូកីឡាឥណ្ឌូនេស៊ី១,៨០២នាក់ ប្រតិភូកីឡាឡាវ៦៥៦នាក់ ប្រតិភូកីឡាម៉ាឡេស៊ី១,៥៣២នាក់ ប្រតិភូកីឡាមីយ៉ាន់ម៉ា៦៩៤នាក់ ប្រតិភូកីឡាហ្វីលីពីន១,៣៤២នាក់ ប្រតិភូកីឡាសិង្ហបូរី១,២២៨នាក់ ប្រតិភូកីឡាថៃ១,៩៨៥នាក់ ប្រតិភូកីឡាទីម័រខាងកើត១៧១នាក់ និងប្រតិភូកីឡាវៀតណាម១,៦៦៣នាក់។

ចំពោះការស្នាក់នៅ ហូបចុក និងដឹកជញ្ជូនតាមគម្រោងផែនការដែលបានគិតគូរៀបចំទុកជាមុន គឺលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម(CAMSOC-CAMAPGOC) បានប្រជុំកំណត់រួចហើយ កាលពីថ្ងៃទី៣១ ខែមីនា ដោយសម្រេចរៀបចំឱ្យប្រតិភូកីឡាប្រមាណជាង៣​,៥០០នាក់ ត្រូវស្នាក់នៅ និងហូបចុកក្នុងភូមិកីឡា។ រីឯប្រតិភូកីឡាជាង២,០០០នាក់ត្រូវបានរៀបចំរួចរាល់ឱ្យស្នាក់នៅ-ហូបចុកតាមសណ្ឋាគារមួយចំនួនកម្រិតចាប់ពីផ្កាយ៤ឡើង ដែលនៅជិតទីតាំងប្រកួត។ ចំណែកឯប្រតិភូកីឡាប្រមាណជាង ២,០០០នាក់ទៀត ដែលត្រូវប្រកួតនៅតាមខេត្តទាំង៤ ក៏ត្រូវបានរៀបចំការស្នាក់នៅ-ហូបចុកតាមសណ្ឋាគារល្អៗ ដែលបានកំណត់យ៉ាងហ្មត់ចត់ និងរៀបចំរួចរាល់ផងដែរ។

ពាក់ព័ន្ធពិធីការ និងបដិសណ្ឋារកិច្ច បានបែងចែកភារកិច្ចទទួលខុសត្រូវ និងសហការគ្នារួចរាល់ដោយ សម្រាប់ភ្ញៀវជាន់ខ្ពស់របស់រាជរដ្ឋាភិបាលទទួលខុសត្រូវសម្របសម្រួលដោយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រីឯភ្ញៀវជាន់ខ្ពស់កីឡា និងប្រតិភូកីឡា គឺជាភារកិច្ចរបស់គណៈកម្មការពិធីការនៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ជាអ្នកទទួលភារកិច្ច និងសម្របសម្រួល។ គណៈកម្មការពិធីការកំពុងរៀបចំជាមួយគណៈកម្មការពិធីបើក-បិទ ដើម្បីរៀបចំទទួលបដិសណ្ឋារកិច្ច ចំពោះប្រតិភូ និងមហាជនចូលទស្សនាដោយអនុវត្តតាមគោលការណ៍នាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ចំពោះទីតាំងប្រកួតនៅរាជធានីភ្នំពេញមាន៣ទីតាំងធំៗ និងទីតាំងតូចៗមួយចំនួន រួមមាន៖ ទី១.ពហុកីឡដ្ឋានជាតិមរតកតេជោសម្រាប់រៀបចំពិធីបើក-ពិធីបិទផ្លូវការ និងប្រកួតកីឡាចំនួន៩ប្រភេទកីឡា។ ទី២.ពហុកីឡដ្ឋានជាតិអូឡាំពិកសម្រាប់ប្រកួតកីឡា១០ប្រភេទកីឡា និងទី៣.មជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍អន្តរជាតិជ្រោយចង្វារ “OCIC សម្រាប់ប្រកួតកីឡា១៣ប្រភេទកីឡា រីឯកីឡាមួយចំនួនទៀតរៀបចំនៅទីតាំងដែលនៅជិតសណ្ឋាគារប្រតិភូកីឡាស្នាក់នៅ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds