មើលៗ! មានវត្ថុយក្សអ្វីខ្លះ យកទៅដាក់បង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ?
វត្ថុយក្សដែលនឹងត្រូវដាក់បង្ហាញនៅក្នុងកម្មវិធីភូមិខ្ញុំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តខួប១០ឆ្នាំ ត្រូវបានរៀបចំហើយ ដែលមានដូចជា មួកស្លឹកត្នោតយក្ស ចាប៉ីយក្ស អង្រុតយក្ស បំពង់ទឹកត្នោតយក្ស ខ្មុកយក្ស កន្ត្រងប្រហុកយក្ស និងសំបុកពងមាន់យក្ស ។
សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលធ្វើឡើងនៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ធ្វើឡើងក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដេីម្បីជាការលើកយកនូវកេរ្តិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកធ្វើការរំលេចឡើងជាផ្ទាំង នៃទស្សនីយភាពវប្បធម៌ជាច្រើនដូចជា ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និង សិល្បៈទស្សនីយភាពជាច្រើនទៀត។
អង្គរសង្ក្រាន្តនៅក្នុងឆ្នាំនេះនឹងមានលក្ខណៈកាន់តែលេចធ្លោធំជាងបណ្ដាឆ្នាំមុនៗ ដោយមានការប្រមូលផ្ដុំនូវកម្មវិធី ព្រឹត្តិការណ៍ និងតួអង្គនិមិត្តរូបសំខាន់ៗ (តាមឆ្នាំនីមួយៗនៃអង្គរសង្រ្កាន្ត) ក៏ដូចជាវត្ថុពិសេសៗ (វត្ថុយក្ស) មកជួបជុំគ្នា ដែលឆ្លុះបញ្ចាំងតាមរយៈកម្មវិធីចំនួន៤៤កម្មវិធី (កើនចំនួន៣៣ កម្មវិធីប្រៀបធៀបក្នុងឆ្នាំ២០១៣) នៅតាមទីតាំង ឬតំបន់ចំនួន ៦ ផ្សេងគ្នា (កើនចំនួន៤ទីតាំង ប្រៀបធៀបក្នុងឆ្នាំ២០១៣) និងមានកំណើនយុវជនស្ម័គ្រចិត្តជាច្រើនចូលរួម (២៣២៤នាក់ នៅឆ្នាំ២០១៣ និង៤២៤៩នាក់ នៅឆ្នាំ២០១៨។ នេះបើតាមការបង្ហោះរបស់ផេកហ្វេសប៊ុក «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត»៕