ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងក្ដីសោកស្តាយ ជាមួយបងប្អូនប្រជាពលរដ្ឋចំពោះការខូចខាត និង បានរំលែកទុក្ខជាមួយក្រុមគ្រួសារសព
នាល្ងាចថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ភ្លៀងលាយខ្យល់កន្រ្តាក់បានធ្វើឱ្យកន្លែងរៀបចំសម្រាប់អង្គរសង្រ្កាន្ត និង មួយផ្នែកផ្សេងទៀតត្រូវបានរលំ នៅស្ពានព្រះរាជដំណាក់ ខេត្តសៀមរាប ព្រមទាំងបានធ្វើឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង ម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយមានអ្នកបាត់បង់ជីវិតជាមួយនឹងហេតុការណ៍ស្មានមិនដល់ខាងលើ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងក្ដីសោកស្តាយ ជាមួយបងប្អូនប្រជាពលរដ្ឋចំពោះការខូចខាត និង បានរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ផេង ចន្ធូ អាយុ ៤៤ ឆ្នាំ ដែលបានទទួលមរណភាព ក្នុងគ្រោះឧបទ្ទវហេតុ ភ្លៀងលាយខ្យល់កន្រ្តាក់ ក្នុងក្រុងសៀមរាប។
ក្រោយកើតហេតុ គណៈបញ្ជាការឯកភាពខេត្ត និង គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចុះកាត់ រុះរើជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ដែលអាចបង្កជាឧបទ្ទវហេតុផ្សេងៗ បានរួចរាល់ហើយ នៅវេលាម៉ោង ១៩ និង ២០ នាទី ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣៕