កក្រើក!ស្អែកនេះ!ធឿន ធារ៉ា ប៉ះកីឡាករ៣សញ្ជាតិផ្សេងគ្នា ខណៈបឺត សង្ឃឹមដណ្ដើមខ្សែក្រវ៉ាត់ជាមួយវ៉ាន់ វឿន
(ភ្នំពេញ)៖ កម្មវិធីវើក(WURKZ) ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ ឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយដោយកីឡាករកម្ពុជា២រូបនឹងប៉ះគ្នាគឺ កីឡាករ វ៉ាន់ វឿន ជាមួយកីឡាករបឺត សង្ឃឹម។ ជើងខ្លាំងអ្នកទាំង២រូបនេះ ធ្លាប់មានប្រវត្តិប៉ះគ្នាច្រើនលើកច្រើនសា និងបានយកឈ្នះចាញ់ទៅវិញទៅមក។ ក្រៅពីគូដណ្តើមខ្សែក្រវាត់ក៏នៅមានគូដណ្តើមចំណាត់ថ្នាក់លេខ៣ផងដែរវាង ស៊ន រ៉ាគីម និង គង់ ហូវ។
មិនតែប៉ុណ្ណោះ ក្រៅតែពីគូខ្សែក្រវាត់ IPCC Kun Khmer ក៏នូវមានការប្រកួតដ៏គួរឱ្យអារម្មណ៍ផងដែរ គឺការប្រកួត១ទល់នឹង៣ ដណ្តើមពានជើងឯកគុនខ្មែរអន្តរជាតិ ដែល ធឿន ធារ៉ា ជាម្ចាស់ខ្សែក្រវាត់ IPCC Kun Khmer World Champion នឹងត្រូវស្វាគមន៍កីឡាករបរទេសមកពី៣សញ្ជាតិផ្សេងគ្នា។ ការប្រកួតធ្វើឡើងក្នុងច្បាប់១ទឹកមាន៩នាទី បើធឿន ធារ៉ា អាចទទួលបានពានប្រសិនបើអាចផ្តួលដៃគូសន្លប់ទាំង៣នាក់ ប៉ុន្តែបើផ្តួលបានក្រោម៣នាក់នឹងទទួលបានប្រាក់រង្វាន់ទៅតាមលក្ខខណ្ឌដែលបានកំណត់។ នេះមិនមែនជាលើកទី១នោះទេ ព្រោះអ្នកលេងផ្លែពូថៅកែង ធឿន ធារ៉ា ក៏ធ្លាប់ចំណាយពេលមិនដល់ពាក់កណ្តាលផ្លូវផងផ្តួលកីឡាករ៣រូបឱ្យសន្លប់ និងគ្រងពានកណ្តាប់មាសគុនខ្មែរមុនគេ។ ក្រៅពីគូសំខាន់ៗ នេះក៏នៅមានគូប្រកួតជក់ចិត្ត ជាច្រើនទៀតសម្រាប់ការបិទបញ្ចប់រដូវកាលទី២។
សូមបញ្ជាក់ថា ការប្រកួតដ៏អស្ចារ្យនេះធ្វើឡើងនាថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល រាជធានីភ្នំពេញ ចាប់ពីម៉ោង៧ល្ងាចតទៅ និងផ្សាយផ្ទាល់លើទូរទស្សន៍ Town Full HDTV, ហ្វេសប៊ុកផេក Town Full HDTV និង WURKZ។ ក្នុងឱកាសប្រកួតនេះដែរ ក៏នឹងមានផ្ទាំងទស្សនីយភាពគុនល្បុក្កតោ និងកម្មវិធីជាច្រើនទៀតផងដែរ។ គួរដឹងដែរថា អ្នកដែលនៅពីក្រោយភាពល្បីល្បាញដែលធ្វើឲ្យគុនខ្មែរល្បីមកដល់សព្វថ្ងៃក្នុងកម្មវិធី Wurkz ប្រដាល់គុនខ្មែរប្រចាំប្រទេសនេះ មានអ្នកឧកញ៉ា លាង ម៉េង និង អ្នកឧកញ៉ា លាង ឃុន៕