បណ្ឌិត ពេជ្រ ស្រស់ មិនត្រឹមតែធ្វើនយោបាយពូកែនោះទេ សូម្បីតែការសិក្សាក៏ជាប់ក្នុងចំណាត់សិស្សពូកែដែរ ដោយទទួលបាននិទ្ទេសល្អណាស់(B+)

(ភ្នំពេញ)៖ ជារឿងគួរឱ្យកោតសរសើរចំពោះប្រធានគណបក្សយុវជនកម្ពុជា ដែលមានដើមកំណើតពីកូនកសិករក្នុងខេត្តត្បូងឃ្មុំ គឺឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ដោយសារតែឯកឧត្ដមមិនត្រឹមតែជាអ្នកនយោបាយដ៏លេចធ្លោនោះទេ តែសម្បីការសិក្សារបស់ឯកឧត្ដមក៏ជាប់ក្នុងចំណាត់សិស្សពូកែដែរ ដោយឯកឧត្ដមទទួលនិទ្ទេសរហូតដល់ទៅB+(បេបូក)។

ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ ប្រធានគណបក្សយុវជនកម្ពុជា ដែលទើបបញ្ចប់ថ្នាក់បណ្ឌិត និងមានងារជាបណ្ឌិតរូបនេះ បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការថា៖«ខ្ញុំមិនដែលគិត ខ្ញុំក៏មិនដែលចង់ប្រកួតប្រជែងជាមួយនរណាគេដែរ គឺខ្ញុំសុំត្រឹមតែការយល់ដឹង មានចំណេះទុកជាមូលដ្ឋានក្នុងការរស់នៅប្រចាំថ្ងៃមិនឱ្យខុសឆ្គងជាមួយក្រុមមនុស្ស និងក្នុងសង្គមតែប៉ុណ្ណោះ ហើយនៅពេលដែលខ្ញុំទទួលបាននិទ្ទេស B+ ក្នុងការសិក្សា ស្របពេលសាលាមាននិទ្ទេសល្អបំផុតត្រឹមនិទ្ទេស A បើទោះបីជាខ្ញុំមិនទទួលបាននិទ្ទេសAក៏ដោយ ក៏ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងដែរចំពោះនិទ្ទេសB+របស់ខ្ញុំនេះ ដោយហេតុថាលទ្ធផលនេះបានបញ្ជាក់យ៉ាងច្បាស់នូវពាក្យមួយឃ្លា”គេអាចធ្វើបាន យើងក៏អាចធ្វើបានដូចគេ” ក្នុងន័យនេះ ខ្ញុំសូមអរគុណសាស្រ្តាចារ្យគ្រប់មុខវិជ្ជា និងសូមអរគុណសាកលវិទ្យាធិការដែលបានបណ្តុះបណ្តាលខ្ញុំបាទរហូតទទួលបាននិទ្ទេសខ្ពស់បែបនេះ»។

គួរ​ឱ្យកត់សម្គាល់ ​ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ដែលធ្លាប់ប្រឡូកការងារស្ទើតែរាប់ភ្លេច ក្រោយពីបានសម្រេចបង្កើតគណបក្សយុវជនកម្ពុជា គេសង្កេតឃើញថា លោកបានព្យាយាមបន្តការសិក្សារបស់ខ្លួន ទោះបីជាឯកឧត្ដមមានភាពមមាញឹកនឹងការដឹកនាំគណបក្សយ៉ាងណាក៏ដោយ។

ជាពិសេស មិនត្រឹមតែឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ទេ ដែលខិតខំសិក្សាយកសញ្ញាបត្រថ្នាក់បណ្ឌិតនេះ តែសូម្បីមន្រ្តីមួយចំនួននៅក្នុងជួរគណបក្សរបស់ឯកឧត្ដម ក៏កំពុងសំងំសិក្សាថ្នាក់បណ្ឌិតនេះដែរ ក្នុងនោះរួមមាន ដូចជា ឯម សុខសុវណ្ណ ដែលជាអគ្គលេខាធិការគណបក្សយុវជនកម្ពុជា បាននិងកំពុងដើរលើគន្លងឆ្ពោះទៅរកងារជាបណ្ឌិតដូចទៅនឹងឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ដែលជាប្រមុខដឹកនាំបក្សរបស់ខ្លួនដូចគ្នា៕

អត្ថបទ៖ ព្រួញទេព

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds