បណ្ឌិត ពេជ្រ ស្រស់៖សូមកូនខ្មែរគ្រប់រូបមើលរដ្ឋធម្មនុញ្ញកម្ពុជាមុននឹងនិយាយអ្វីចំពោះអង្គព្រះមហាក្សត្រ ចៀសវាងកសាងកំហុសលើទ្រង់

(រាជធានីភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យមើលរដ្ឋធម្មនុញ្ញកម្ពុជាមុននឹងនិយាយអ្វីចំពោះអង្គព្រះមហាក្សត្រ ចៀសវាងកសាងកំហុសលើទ្រង់។ ជាក់ស្ដែង តាមរយៈសំណេរលើទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្ដមបណ្ឌិតបានសរសេរថា៖ «ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត អង្គព្រះមហាក្សត្រមិនអាចនរណាបំពានបានឡើយ»។

ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ បន្ថែមថា៖ «កូនខ្មែរយើងអើយ មុននឹងបរិយាយអ្វីមួយអំពីទ្រង់ សូមកូនខ្មែរយើងចំណាយពេលអានរដ្ឋធម្មនុញ្ញកម្ពុជាត្រង់ មាត្រា៧បន្តិចទៅដើម្បីចៀសវាងកសាងកំហុសណាមួយទៅលើទ្រង់ហើយសូមកុំនិយាយអ្វីតាមទំនើងចិត្តចំពោះព្រះអង្គ ពីព្រោះព្រះអង្គទ្រង់គង់ជាម្លប់សម្រាប់ពួកយើងទាំងអស់គ្នា ម៉្យាងវិញទៀត សូមអ្នកនយោបាយគ្រប់និន្នាការកុំទាញទ្រង់ចូលឆាកនយោបាយអី សូមតម្កល់ទ្រង់ជាព្រះមហាក្សត្រ នៃជាតិខ្មែរយើង ជានិមិត្តរូបឯកភាពជាតិ និងនិរន្តរភាពជាតិ»

ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក្រាបបង្គំព្រះមហាក្សត្រ

ការអំពាវនាវរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សយុវជនរូបនេះ ក្រោយពីមានបុគ្គលមួយចំនួនដែលជាក្រុមប្រឆាំងបានព្យាយាមសរសេរសារលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ដោយពួកគេបានយកព្រះឆាយាល័ក្ខ័ និងសរសេរភ្ជាប់សារដោយមិនគួរគប្បីមួយចំនួន។ ប៉ុន្តែ បុគ្គលមួយចំនួនទាំងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មចំពោះសារលើបណ្ដាញសង្គមដែលពួកគេបានសរសេរ។

​សូមជម្រាបថា អតីត​សកម្មជន​ក្រុមប្រឆាំង​ពីររូប គឺ​លោក យឹម ស៊ី​ណន និង លោក ហ៊ុន កុសល ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៣​នេះ ក្រោយ​បុគ្គល​ទាំងពីរ​បាន​បង្ហោះ​សារ​បែប​ញុះញង់​តាម​បណ្តាញ​សង្គម​ពាក់ព័ន្ធ​ហ្វេ​សប៊ុក​ភ្ជាប់​ជាមួយ​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ព្រះរាជទាន​ព្រះ​អគ្គី​ជ័យ​កីឡា​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​២១ ខែ​មីនា​នេះ​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់រ​បស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ថ្លែង​ប្រាប់​បណ្ដាញសារព័ត៌មាន​ហ្វ្រេ​សញូវ​៕

អត្ថបទ៖ ព្រួញទេព

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds