ផ្សារទំនើបអ៊ីអនមានជ័យបិទបណ្ដោះអាសន្នដោយសារការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនីភ្លាមៗ

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ផ្សារទំនើបអ៊ីអន ម៉ល មានជ័យ (AEON MALL ទី៣) បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការបណ្ដោះអាសន្ន ខណៈមូលហេតុដោយសារមានការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនីភ្លាមៗ។ ផ្សារទំនើបនេះ នឹងបើកដំណើរការធម្មតាឡើងវិញនៅពេលមានការជូនដំណឹងជាម្ដងទៀត។

យោងតាមសេចក្ដីជូនដំណឹងបានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំសូមជំរាបជូនដំណឹងដល់អតិថិជនទាំងអស់ ឱ្យបានជ្រាបថា ផ្សារទំនើប អ៊ីអន ម៉ល មានជ័យនឹងធ្វើការបិទដំណើរការបណ្តោះអាសន្នថ្ងៃនេះ រហូតដល់មានការជំរាបជូនម្តងទៀត ដោយសារតែមានការកាត់ផ្តាច់ប្រព័ន្ធអគ្គិសនីភ្លាមៗ។ យើងខ្ញុំសូមអភ័យទោសចំពោះការរអាក់រអួលនេះ»។

ផ្សារទំនើបអ៊ីអន ម៉លមានជ័យនេះមានទីតាំងជាប់បណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតនៅក្នុងភូមិសាស្រ្ដ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យបានបើកដំណើរការកាលពីចុងឆ្នាំ២០២២កន្លងទៅ។ ផ្សារទំនើប អ៊ីអន៣សាងសង់នៅលើផ្ទៃដីជាង១៧ម៉ឺនម៉ែត្រការ៉េ និងមានហាងសរុបប្រមាណ២៥០ហាង និងកន្លែងចតរថយន្ដអាចដាក់បានដល់ទៅ៤ពាន់គ្រឿង។ ជាងនេះទៅទៀត ចំពោះការសាងសង់ផ្សារទំនើបមួយនេះ ត្រូវបានចំណាយថវិការហូតដល់ទៅ២៨៩,៦លានដុល្លារអាមេរិក ដែលថវិកានេះ ត្រូវវិនិយោគទាំងស្រុងដោយក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds