បណ្ឌិត ពេជ្រ ស្រស់ថា លោកឯម រៀមគួរយកមតិរិះគន់ពិចារណាក្រោយអ្នកច្នៃមូដនេះត្រូវមហាជនរិះគន់
លោកឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បញ្ចេញមតិនៅលើទំព័រហ្វេសប៊ុកផ្លូវការជុំវិញការរិះគន់របស់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមទៅលើលោក ឯម រៀម ដែលជាច្នៃម៉ូដសម្លៀកបំពាក់ដ៏ល្បីឈ្មោះមួយរូបទាក់ទងនឹងឈុតដែលលោកបានពាក់ទៅចូលរួមក្នុងកម្មវិធី Pleng Music Award កាលពីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុកថា៖ «ជូនបងឯម រៀម ពិចារណាមែនទែនទៅខ្ញុំក៏ធ្លាប់ស្តាប់ប្រវត្តិតស៊ូបងដែរ បងគឺជាមនុស្សម្នាក់ដែលខិតខំប្រឹងប្រែងក្នុងអាជីពប្រកបដោយឆន្ទៈរឹងមាំ ប៉ុន្តែបើទោះបីបងជាបណ្ឌិតច្នៃម៉ូតក៏ដោយ ក៏អាចនៅមានភាពខ្វះខាតដែរ ដូចជាចំណុចម៉ូតក្នុងរូបបងមួយនេះគឺវាទាក់ភ្នែកសម្រាប់ជនបរទេស ប៉ុន្តែវាបានខ្ទាស់ភ្នែកជនជាតិខ្មែរយើង ពីព្រោះថាវប្បធម៌របស់ខ្មែរយើងខុសពីបរទេស ហើយម៉ូតដែលប្អូនប្រុសស្លៀកពាក់សនោះ គឺសមរម្យណាស់សម្រាប់ខ្មែរយើង ដូច្នេះបងរៀមគួរយកមតិរិះគន់ទៅពិចារណា ហើយបងធ្វើយ៉ាងណាច្នៃឱ្យដូចក្មួយ វណ្ណដា ដែលក្មួយ វណ្ណដា បានច្នៃចាប៉ីដងវែងឱ្យបរទេសស្គាល់ ហើយមានសេចក្តីថ្លៃថ្នូរតាមបែបបទទម្រង់ដើមនៃចាប៉ីដងវែង សូមបងកុំច្នៃឱ្យហួសខ្នាតខ្មែរពេកអី។រួមគ្នាកែតម្រូវប្រកបដោយអហិង្សាសម្តីដើម្បីខ្មែរយើងលូតលាស់ !»។
គួរឱ្យដឹងថា ក្រោយត្រូវបានមហាជនរិះគន់ធ្ងន់ៗ លោក ឯម រៀម បានឆ្លើយតប អរគុណដល់អ្នកដែលលើកទឹកចិត្ត និងទាំងអ្នកដែលBully(មើលងាយ)ផងដែរ។ យ៉ាងណា នេះមិនមែនជាលើកទី១ទេ ដែលអ្នកច្នៃម៉ូដរូបនេះត្រូវរងការរិះគន់ កន្លងទៅលោកធ្លាប់ត្រូវបានគេរិះគន់ជាច្រើនលើកច្រើនសារួចមកហើយ៕