បណ្ឌិត ពេជ្រ ស្រស់៖គោលនយោបាយអាទិភាព៧ចំណុចរបស់បក្សយុវជនកម្ពុជាគឺសង្រ្គោះជីវភាពម្ចាស់ឆ្នោត យុវជននិងសង្គមជាតិ

ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានមានប្រសាសន៍ថា៖ គោលនយោបាយអាទិភាពទាំង៧ចំណុចរបស់គណបក្សយុវជនកម្ពុជា គឺជាគោលនយោបាយឆ្ពោះទៅសង្រ្គោះជីវភាពម្ចាស់ឆ្នោត សង្គ្រោះយុវជន សង្គ្រោះសង្គមជាតិ និងការពារពលរដ្ឋគ្រប់រូប ជាពិសេសគឺស្តារឡើងវិញនូវប្រព័ន្ធយុត្តិធម៌ឱ្យមានយុត្តិធម៌ត្រឹមត្រូវតាមស្មារតីច្បាប់ក្នុងការផ្តល់យុត្តិធម៌ជូនម្ចាស់ឆ្នោតគ្រប់ៗរូប ឱ្យស្មើភាពគ្នាចំពោះមុខច្បាប់ជាធរមាន ហើយគណបក្សរបស់ឯកឧត្ដមនឹងយកគោល នយោបាយ៧ចំណុចនេះទៅប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដែលធ្វើនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

សូមបញ្ជាក់ថា គោលនយោបាយអាទិភាពទាំង៧ចំណុចរបស់គណបក្សយុវជនកម្ពុជារួមមាន៖

ទី១. បញ្ចុះតម្លៃសាំង ជី ថ្នាំជំនួយកសិកម្ម ឱ្យលក់ថោក ដើម្បីឲ្យកសិផលកសិករយើងលក់បានថ្លៃ  ហើយនៅពេលកសិផលធ្លាក់ថ្លៃ រដ្ឋនឹងបញ្ចេញថវិកាជាតិទិញពីកសិករ ចៀសវាងកសិករលក់ខាតជាប់បំណុលវ័ណ្ឌក

ទី២. ប្រាក់ខែមន្រ្តីរាជការចាប់ពី ២លាន ៨០ម៉ឺនរៀល រីឯប្រាក់ខែកម្មករចាប់ពី ១លាន ៤០ម៉ឺនរៀល ចំពោះចាស់ៗមានអាយុចាប់ពី៦០ឆ្នាំនឹងទទួលបានប្រាក់ឧបត្ថម្ភ៣០ម៉ឺនរៀលជារៀងរាល់ខែ និងបង្កើតមណ្ឌលថែទាំចាស់ជរាគ្មានទីពឹងនៅទូទាំងប្រទេស

ទី៣. ការអប់រំស្មើភាពគ្នា គ្មានរៀនគួរក្រៅពីម៉ោងរដ្ឋ និងមានបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបង្កើតការងារសម្រាប់យុវជន២លាននាក់

ទី៤. លុបបំបាត់រាល់ការរើសអើងចំពោះអ្នកជំងឺក្រីក្រនៅតាមគ្រប់មន្ទីរពេទ្យរដ្ឋ និងព្យាបាលដោយមិនបង់ថ្លៃឡើយ

ទី៥. លុបបំបាត់ការផ្សាយគ្រឿងស្រវឹងដោយអនាធិបតេយ្យ និងបោសសម្អាតការលក់ ការប្រើប្រាស់គ្រឿងញៀនពីលើដល់ក្រោម

ទី៦. លុបបំបាត់អំពើពុករលួយគ្រប់ទម្រង់ និងកែប្រែប្រព័ន្ធយុត្តិធម៌ឱ្យមានយុត្តិធម៌ស្មើភាពគ្នាចំពោះមុខច្បាប់ប្រទេសកម្ពុជាជាធរមាន

ទី៧. ពិនិត្យឡើងវិញការអនុវត្តច្បាប់អន្តោប្រវេសន៍លើជនអន្តោប្រវេសន៍គ្រប់ជាតិសាសន៍ដែលកំពុងរស់នៅកម្ពុជាឱ្យត្រឹមត្រូវស្របតាមច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសញ្ជាតិនិងរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីការពារប្រយោជន៍ជាតិនិងការពារអធិបតេយ្យជាតិយើង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds