ផ្ទុះការរិះគន់និងចម្ងល់ចំពោះស្លាក«ខ្មែរធ្វើបាន»ក្នុងខេត្តព្រះសីហនុថាហេតុអ្វីសរសេរស្រៈ«អែ»បញ្រ្ចាស?
(ខេត្តព្រះសីហនុ)៖ សាធារណមតិមួយចំនួនកំពុងមានមន្ទិលលើFontអក្សរស្លាក «ខ្មែរធ្វើបាន»ក្នុងខេត្តព្រះសីហនុ ដោយពួកគេឆ្ងល់ថា ហេតុអ្វីពាក្យស្លោក «ខ្មែរធ្វើបាន» តែបែរជាឃើញស្រះ «ែ» បញ្រ្ចាសទៅវិញ។
យ៉ាងណាមិញ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហោះលើគណនីហ្វេសប៊ុករបស់លោកបណ្ឌិតថា ពាក្យ «ខ្មែរធ្វើបាន» ដែលមាននៅខេត្តព្រះសីហនុ ដែលបងប្អូនដែលជាអ្នកទេសចរតែងទៅថតរូបអនុស្សាវរីយ៍នោះ គឺសរសេរបានត្រឹមត្រូវហើយ ដែលជាពុម្ពអក្សរ (font) ខ្មែរសម័យកណ្តាល។
លោកបណ្ឌិតឱ្យដឹងទៀតថា «យើងអាចផ្ទៀងផ្ទាត់ជាមួយនឹងអត្ថបទនានា ដែលចារឹកក្នុងសាស្ត្រាស្លឹករឹត ដើម្បីស្វែងយល់។ មុននឹងរិះគន់ យើងគួរផ្ទៀងផ្ទាត់ដោយខ្លួនឯងសិន»៕