កំពុងផ្ទុះករណីមិនពេញចិត្តជាខ្លាំងនៅក្នុងប្រទេសឡាវ ជាមួយនឹងរឿងក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ ត្រូវអ្នកលក់ចាប់ហួយ ចាប់ចងជាមួយម៉ូតូយ៉ាងគួរឱ្យអាណិត ក្រោយពីលួចនំមួយកញ្ចប់
ថ្មីៗនេះ កំពុងផ្ទុះករណីមិនពេញចិត្តជាខ្លាំងនៅក្នុងប្រទេសឡាវ ជាមួយនឹងរឿងក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ ត្រូវអ្នកលក់ចាប់ហួយ ចាប់ចងជាមួយម៉ូតូយ៉ាងគួរឱ្យអាណិត ក្រោយពីលួចនំមួយកញ្ចប់។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសខាងលើនេះ មានអាយុ ៩ ឆ្នាំ កំពុងរៀនថ្នាក់ទី ២ ជាជនជាតិមុង នៅប្រទេសឡាវ សព្វថ្ងៃគេរស់នៅជាមួយជីដូនខាងឪពុក ព្រោះឪពុកម្តាយបានចែកផ្លូវគ្នាតាំងពីគេនៅតូចម្ល៉េះ។ នៅថ្ងៃកើតហេតុ គឺថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ គេបានទៅលួចនំមួយកញ្ចប់តម្លៃ ៥០០០ គីប (ស្មើរនឹងជាង ១ ពាន់រៀល) នៅកន្លែងចាប់ហួយមួយកន្លែង តែក៏ត្រូវអ្នកលក់ឃើញហើយ ក៏បានចាប់គេចងជាមួយនឹងម៉ូតូ ដើម្បីចាំអាណាព្យាបាលមកដោះស្រាយ សងលុយថ្លៃនំ។
យ៉ាងណាមិញ នៅល្ងាចថ្ងៃដដែល គេក៏ត្រូវបានអាជ្ញាធរក្នុងស្រុកមកជួយ ហើយក៏បានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព រួចបញ្ជូនទៅផ្ទះជាមួយជីដូនវិញ។ ដោយឡែក ក្រោយពីរឿងរ៉ាវនេះ ត្រូវបានចែកចាយពេញបណ្តាញសង្គម មានមហាជនច្រើនណាស់ បានកើតការប្រតិកម្ម ដោយម្នាក់ៗមិននឹកស្មានឡើយ ថាអ្នកលក់គ្មានចិត្តដល់ថ្នាក់នេះ គ្រាន់តែនំមួយកញ្ចប់ បែរជាធ្វើបាបក្មេងបែបនេះឡើយ៕