បាតុភូតកម្រមិនធ្លាប់ប្រទះ ភ្លៀងធ្លាក់មកសុទ្ធតែត្រីក្នុងក្រុងដាច់ស្រយាលមួយនៅអូស្ត្រាលី
បាតុភូតធម្មជាតិដ៏កម្រមួយ ដែលមិនធ្លាប់ប្រទះឃើញជាងមួយសតវត្សរ៍មកហើយនាក្រុងដាច់ស្រយាលមួយនៅអូស្ត្រាលី ដោយមានភ្លៀងធ្លាក់មកយ៉ាងគំហុក ប៉ុន្តែអមមកជាមួយសត្វត្រីជាច្រើននៅរស់រវើកៗ។
ពលរដ្ឋក្នុងក្រុង Lajamanu នៃដែនដីភាគខាងជើងប្រទេសអូស្ត្រាលី បាននាំគ្នាស្លុត និង ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពួកគេជួបបាតុភូតភ្លៀងធ្លាក់ត្រី អំឡុងពេលមានព្យុះមួយកើតមានឡើងនាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣។
តាមការរៀបរាប់ពីអ្នករស់នៅក្នុងក្រុងដាច់ស្រយាលខាងលើនេះ បានឱ្យដឹងថា នៅថ្ងៃនោះ មានព្យុះបោកបក់សំដៅមកក្រុង ដោយអ្នករស់នៅទីនោះ គិតថា គ្រាន់តែជាព្យុះភ្លៀងធម្មតា។ យ៉ាងណាមិញ នៅពេលដែលភ្លៀងចាប់ធ្លាក់មក ពួកគេក៏បានឃើញត្រីធ្លាក់មកដំណាលគ្នាដែរ ដោយភាគច្រើននៃត្រីទាំងនោះ នៅមានជីវិតរស់រវើកថែមទៀតផង។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលបាតុភូតភ្លៀងធ្លាក់ត្រីនេះ កើតមានឡើងនៅក្រុង Lakamanu នេះ។ ក្នុងរយៈពេល ៣០ ឆ្នាំ យ៉ាងហោចណាស់ក៏កើតមាន ៤ ដងដែរ ដោយលើកចុងក្រោយបំផុតនៃបាតុភូតដ៏កម្រនេះ គឺកើតមានឡើងក្នុងខែមីនា ឆ្នាំ ២០១០៕