ណូវែលសេឡង់ប្រកាសអាសន្ន ព្រោះព្យុះស៊ីក្លូន Gabrielle បង្កការបំផ្លិចបំផ្លាញខ្លាំងពេក

រដ្ឋាភិបាលនៃប្រទេសណូវែលសេឡង់បានប្រកាសអាសន្នដ៏កម្រមួយ ព្រោះព្យុះស៊ីក្លូនបានបោកបក់បណ្តាលឱ្យមានទឹកជំនន់ការបំផ្លិចបំផ្លាញ និង ការរអិលបាក់ដីជាលើកទីពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ថែមទាំងបានបញ្ជាក់ពីបញ្ហាប្រឈមក្នុងការសម្របខ្លួនទៅនឹងវិបត្តិអាកាសធាតុធ្ងន់ធ្ងរ ដែលនឹងអាចកើតឡើងញឹកញាប់។

ព្យុះស៊ីក្លូន Gabrielle បានវាយលុកកោះភាគខាងជើងនៃប្រទេសណូវែលសេឡង់ នាំមកនូវភ្លៀងធ្លាក់ខ្លាំង និង ខ្យល់បក់ខ្លាំងតាំងពីយប់ថ្ងៃទី ១២ រហូតមកដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ។ ហើយព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ នេះសាលារៀនជាច្រើនបានបិទ និង មានការប្រកាសព្រមានជាច្រើនពីអាកាសធាតុដូចជា មានភ្លៀងធ្លាក់ខ្លាំង និង ខ្យល់បក់បោកខ្លាំង។

ទន្ទឹមនឹងនេះក្រុមហ៊ុន Air New Zealand ក៏បានលុបចោលជើងហោះហើររាប់រយជើង ខណៈផ្លូវជាច្រើនត្រូវបានបិទ ហើយការដឹកជញ្ជូនសាធារណៈក៏ត្រូវបានផ្អាក ដោយសារតែទឹកជំនន់ និង ដើមឈើដួលរលំ ហើយប្រជាជនក៏ត្រូវបានណែនាំឱ្យចៀសវាងការធ្វើដំណើរ ព្រមជាមួយការជម្លៀសចេញពីតំបន់ទំនាប ដែលនៅតាមបណ្ដោយឆ្នេរខាងកើត។

យ៉ាងណាមិញ គិតត្រឹមព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះខាងឧតុនិយមរបស់ប្រទេសក៏បានបង្ហាញរបាយការណ៍ថា ចំនួនទឹកភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ២៤ ម៉ោងមុនមានរហូតដល់ ៤០០ មីលីម៉ែត្រក្នុងទីក្រុង Gisborne។ ព្យុះកំបុតត្បូងមួយ ដែលមានកម្ពស់យ៉ាងហោចណាស់ ០.៧ ម៉ែត្រ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅស្ថានីយ៍ Whitianga ភាគខាងកើតនៃទីក្រុង Auckland ។

ចំណែកឯល្បឿននៃខ្យល់ក្នុងតំបន់កោះភាគខាងជើងមានលើសពី ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមុនពេលវាយប្រហារលើកោះខាងភាគជើង ព្យុះនេះបានផ្លាស់ប្តូរពីព្យុះស៊ីក្លូនត្រូពិចទៅជាព្យុះសង្ឃរាប្រភេទទី ១។ ដោយឡែក ខាងបណ្តាញអគ្គិសនីជាតិរបស់ប្រទេសនេះបានប្រកាសអាសន្ន នៅពេលដែលទឹកជំនន់បានជន់លិចស្ថានីយអគ្គិសនីដ៏សំខាន់មួយនៅថ្ងៃទី ១៤ ខែកុម្ភៈនេះ ដោយកាត់ផ្តាច់ចរន្តអគ្គិសនីចំពោះផ្ទះរាប់ម៉ឺនខ្នងនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស។

គួរបញ្ជាក់ដែរថា អាកាសយានដ្ឋាន Auckland ត្រូវបានបិទ ដោយសារតែទឹកជំនន់នៅខាងក្នុង ហើយកម្ពស់ទឹកភ្លៀងត្រូវបានកត់ត្រាថា មានកម្ពស់ ១២៧ មីលីម៉ែត្រ ក្នុងរយៈពេលពីរម៉ោង ខណៈដែលខែមករាកន្លងទៅកម្ពស់ទឹកភ្លៀងខ្ពស់បំផុតរបស់ទីក្រុង Auckland គឺ ៥៣៩ មីលីម៉ែត្រ៕

ប្រភព ៖ The Washington Post

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds