ផ្ទះជាង ៣ ម៉ឺនខ្នងនៅណូវែលសេឡង់ គ្មានភ្លើងប្រើ ព្រោះព្យុះស៊ីក្លូន Gabrielle វាយប្រហារខ្លាំង

សារព័ត៌មាន CNA បានចុះផ្សាយនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះថា មានផ្ទះជាង ៣០០០០ ត្រូវបានកាត់ផ្ដាច់ អគ្គិសនី គ្មានការប្រើប្រាស់នៅឯកោះភាគខាងជើងនៃប្រទេស ណូវែលសេឡង់ ខណៈដែលទីក្រុង Auckland និង តំបន់ផ្សេងទៀតនៅក្បែរនោះត្រូវបានវាយប្រហារដោយ ខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង ព្រោះតែព្យុះស៊ីក្លូន Gabrielle បានខិតជិតចូលមកដល់ប្រទេសនេះ។

មិនតែប៉ុណ្ណោះ ព្យុះស៊ីក្លូន Gabrielle ក៏បានវាយប្រហារកោះ Norfolk កាលពីយប់ថ្ងៃទី ១១ ខែកុម្ភៈ កន្លងទៅ ខណៈដែលអ្នកព្យាករណ៍អាកាសធាតុបានរំពឹងថា ខ្យល់បក់បោកនឹងមានកម្លាំងកាន់តែខ្លាំង នៅពេលវាខិតជិតដល់ប្រទេសថ្ងៃទី ១៣ និង ទី ១៤ ខែកុម្ភៈ ខាងមុខនេះ។ ទន្ទឹមនឹងនេះ អ្នកស្រី Rachel Kelleher ដែលជាអនុប្រធានផ្នែកគ្រប់គ្រងគ្រោះអាសន្ននៅ Auckland បាននិយាយថា ៖ «ផលប៉ះពាល់របស់ ព្យុះស៊ីក្លូន Gabrielle នៅតែស្ថិតក្នុងដំណាក់កាលដំបូងរបស់វា ហើយយើងបានគិតទុកថាអាកាសធាតុនឹងបន្តធ្ងន់ធ្ងរបន្ថែមទៀតចាប់ពីថ្ងៃ ១៣ នេះរហូតដល់ព្រឹកថ្ងៃទី ១៤ ខាងមុខ»។

យ៉ាងណាមិញ សាលារៀន និង កន្លែងក្រុមប្រឹក្សាជាច្រើននៅទូទាំងទីក្រុង Auckland និង កោះខាងជើង ផ្នែកខាងលើនៃប្រទេសត្រូវបានបិទទ្វារ ព្រមទាំងមានការស្នើសុំកុំឱ្យមនុស្សជាច្រើនផ្អាកការធ្វើដំណើរ ជាបណ្ដោះអាសន្នតាមអាចធ្វើបាន។

ដោយឡែក ទីភ្នាក់ងារឧតុនិយមបាននិយាយថា ៖ «Whangarei ដែលជាទីក្រុងស្ថិតនៅភាគខាងជើងនៃទីក្រុង Auckland បានទទួលឥទ្ធិពលទឹកភ្លៀងដល់ទៅ ១០០.៥ មិលី្លម៉ែត្រក្នុងរយៈពេល ១២ ម៉ោងចុងក្រោយ ខណៈដែលល្បឿនខ្យល់គឺ ១៥៩ គីឡូម៉ែត្រក្នុងមួយម៉ោងត្រូវបានកត់ត្រានៅតាមឆ្នេរសមុទ្រ Auckland »។ បន្ថែមពីនេះ ក្រុមហ៊ុនថាមពល North Power and Vector បាននិយាយថា ៖ «ប្រហែលពាក់កណ្តាលនៃបណ្តាញអគ្គិសនីត្រូវបានខូចខាត ធ្វើឱ្យផ្ទះចំនួន ៣០០០០ បានកាត់ផ្ដាច់ ដែលនេះគឺជាកម្រិតមួយមិនធ្លាប់មានពីមុនមក ចាប់តាំងពីមានព្យុះស៊ីក្លូនក្នុងឆ្នាំ ១៩៨៨ មក»។

គួររំឭកដែរថា កាលពីខែមករាកន្លងទៅទីក្រុង Auckland ត្រូវបានវាយប្រហារដោយសារ ជំនន់ទឹកភ្លៀង ដែលបានបង្កឱ្យមានទឹកជំនន់ និង បានសម្លាប់មនុស្សអស់ ៤ នាក់។

ប្រភព៖ CNA

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds