«ប្រធានគណបក្សយុវជនកម្ពុជា»ថា មិនធ្វើនយោបាយដោយការដុតបញ្ចេះកំហឹងម្ចាស់ឆ្នោត ឬបណ្ដុះចលនាលាបពណ៌ឡើយ

(រាជធានីភ្នំពេញ)៖ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា៖ «ដំណើរឆ្ពោះទៅមូលដ្ឋាននៃនយោបាយរបស់គណបក្សយុវជនកម្ពុជា គឺមិនដុតម្ចាស់ឆ្នោតក្នុងភ្លើងកំហឹង មិនមួលបង្កាច់ដៃគូប្រកួតប្រជែង និងមិនបណ្តុះចលនាជេរលាបពណ៌ឡើយ ដោយនយោបាយរបស់ពួកយើងឈរលើគោលការណ៍គោរពសិទ្ធិមនុស្សទូទៅ  មិនបែងចែកនិន្នាការនយោបាយ គោរពច្បាប់ ជាពិសេសគោរពឆន្ទៈរបស់ម្ចាស់ឆ្នោតនៅគ្រប់និន្នាការនយោបាយ។

ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

ការបញ្ជាក់របស់ឯកឧត្ដមប្រធានគណបក្សយុវជនកម្ពុជារូបនេះ ហាក់ដូចជាសារដាស់តឿន និងក្រើនរម្លឹកទៅដល់គណបក្សនយោបាយដទៃទៀត កុំឱ្យប្រើប្រាស់គោលនយោបាយ ដោយការលាបពណ៌ ការដុតបញ្ចេះកំហឹងប្រជាពលរដ្ឋ ឬការមួលបង្កាច់គណបក្សដែលជាគូប្រជែងដទៃទៀត។ ភ្ជាប់ជាមួយខ្លឹមសារនេះដែរ ថ្មីៗនេះ មន្រ្តីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន គឺលោកគង់ គាំ តួនាទីជាឧត្ដមទីប្រឹក្សាគណបក្សនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្ម និងព្រមានធ្ងន់ៗ ក្រោយពីលោក គង់ គាំ បានវាយប្រហារលើគណបក្សប្រជាជនកម្ពុជាជុំវិញនឹងអត្ថន័យបុណ្យ៧មករានៅតាមវេទិកាសាធារណៈបក្សរបស់ខ្លួន។

សូមបញ្ជាក់ជូនផងដែរថា នៅថ្ងៃទី១៣ ខែមករា​ស្អែកនេះ គណបក្សយុវជនកម្ពុជា ក៏នឹងរៀបចំសន្និសីទសារព័ត៌មាន អំពីការដាក់ចេញគោលនយោបាយថ្នាក់ជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣។ សន្និសីទនេះធ្វើឡើងនៅទីស្នាក់ការកណ្ដាលគណបក្សយុវជនកម្ពុជា ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds