ចូលឆ្នាំចិន!នៅភ្នំពេញមិនឱ្យមានការដុតផាវកាំជ្រួចនិងហែក្បួនដែលគ្មានការអនុញ្ញាតនោះទេ
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងហាមមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការហែក្បួនផ្សេងៗទាំងបែបសាសនាឬប្រពៃណីដែលគ្មានការអនុញ្ញាត ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករាម្សិលមិញ បានបញ្ជាក់ថា នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែក ការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។
រដ្ឋបាលរាជធានី បានសង្កត់ធ្ងន់ថា ជនណាដែលបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចល័ចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពនិងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕