សម្ដេចតេជោដាក់កំហិត១ខែឱ្យលោក គង់ គាំ ប្រគល់ផ្ទះនិងដីទៅឱ្យក្រសួងការបរទេសវិញ
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានដាស់តឿនដល់លោកគង់ គាំ ឱ្យប្រគល់ដី និងផ្ទះ ដែលលោកបានចូលស្នាក់តាំងពីឆ្នាំ១៩៨២ឱ្យទៅក្រសួងការបរទេសវិញក្នុងរយៈពេលមួយខែជាកំហិត ដោយគិតចាប់ពីថ្ងៃទី១១មករានេះតទៅ។

ជាមួយគ្នា សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ធ្វើបែបនេះដើម្បីចៀសវាងផលវិបាកនានា ដែលកើតចេញពីបណ្តឹង និងសកម្មភាពទាំងឡាយខាងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាលនឹងចាត់វិធានការក្នុងការទាមទារយកផ្ទះនិងដីរបស់ក្រសួងការបរទេសមកវិញ។
ក្នុងសំណេរលើបណ្ដាញសង្គមដដែល សម្ដេចតេជោបានបញ្ជាក់បន្ថែមដល់លោកគង់ គាំ នូវចំណុចមួយចំនួនដូចជាទៀតផងដែរ ដូចជា លោកថា តាំងពីក្រោយឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន នៅកម្ពុជាពុំមានឡើយនូវមុខតំណែងជា “អនុរដ្ឋមន្ត្រីទី១” គឺ នៅសម័យនោះ មានតែមុខតំណែងជា “អនុរដ្ឋមន្ត្រី” និង “ឧបការី” ប៉ុណ្ណោះ ហើយក៏ពុំមានដែរនូវមុខតំណែងជា “រដ្ឋលេខាធិការ”។

មិនតែប៉ុណ្ណោះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា នៅក្នុងលិខិតបំភ្លឺផ្ញើទៅកាន់ហ្វ្រេសញូវ លោកគង់ គាំ បានបញ្ជាក់ថា បានចូលទៅស្នាក់នៅនៅផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ដោយគ្រាន់ត្រឹមតែជាការ “ជូនព័ត៌មានទៅសម្ដេចក្នុងឋានៈសម្ដេចជារដ្ឋមន្ត្រីនាពេលនោះប៉ុណ្ណោះ” ពុំមែនជា “ការស្នើសុំកាន់កាប់យកជាកម្មសិទ្ធិលើផ្ទះនោះទេ”។ ហេតុដូច្នេះ សម្ដេចតេជោថា ពុំមានឡើយនូវការសម្រេចណាមួយពីរូបលោកដែលជារដ្ឋមន្ត្រីនាពេលនោះ ក្នុងការប្រគល់ផ្ទះនិងដីរបស់ក្រសួងការបរទេសទៅឱ្យលោកគង់ គាំឡើយ។
លើសពីនេះ សម្ដេចតេជោបន្ថែមថា តាមផ្លូវច្បាប់ ផ្ទះនិងដីនេះនៅតែជាកម្មសិទ្ធិស្របច្បាប់របស់ក្រសួងការបរទេសដដែល ដោយពុំមានការកែប្រែឡើយ ហើយរាជរដ្ឋាភិបាល នឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដើម្បីទាមទារយកត្រឡប់មកវិញនូវផ្ទះ និងដីដែលជាកម្មសិទ្ធិរបស់រដ្ឋ។
សូមជម្រាបថា លោកគង់ គាំ ដែលបច្ចុប្បន្នតួនាទីជាឧត្ដមទីប្រឹក្សារបស់គណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែមករានេះ បានសរសេរលិខិតបំភ្លឺមួយច្បាប់ផ្ញើជូនលោកលឹម ជាវត្ថា អគ្គនាយកសារព័ត៌មានហ្វ្រេសញូវ ដោយលោកបានបំភ្លឺជុំវិញបញ្ហាផ្ទះមួយកន្លែងរូបលោកស្ថិតនៅផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកគង់ គាំ បានទទួលស្គាល់ថា មុនចូលស្នាក់នៅផ្ទះនេះ គឺលោកពិតជាបានជូនព័ត៌មានជូនសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែនមែន។
គួររម្លឹកថា ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ នៅឯខេត្តកំពង់ចាម កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រតិកម្មធ្ងន់ៗចំពោះលោកគង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ក្រោយពីបានឃោសនាវាយប្រហារលើគណបក្សប្រជាជនកម្ពុជា។ ក្រៅពីព្រមានធ្ងន់ៗ សម្ដេចក៏ថែមទាំងបានព្រមានប្ដឹងយកផ្ទះលោកគង់ គាំ ដែលជាកម្មសិទ្ធិក្រសួងការបរទេសផងដែរ៕