អភិបាលខេត្តព្រះសីហនុស្នើឱ្យពលរដ្ឋសន្សំសំចៃទឹកបណ្ដោះអាសន្ន ក្រោយការបាក់ទំនប់ទឹកសាបក្បាលឆាយ
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ បានអំពាវនាវ និងស្នើសុំដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុទាំងអស់ឱ្យចូលរួមសន្សំសំចៃទឹកស្អាតចំពោះការប្រើប្រាស់ទឹកក្នុងករណីមិនចាំបាច់ ដូចជាស្រោចស្មៅ ឬស្រោចសួនជាបណ្ដោះអាសន្នសិន ក្រោយទំនប់ស្តុបទឹកស្អាតទី២នៅក្បាលឆាយ បានបាក់កាលពីថ្ងៃទី០៧ ខែមករា បណ្ដាលឱ្យធ្លាយទឹកអស់ជាង៣លានម៉ែត្រគូប។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរកំពុងខិតខំជួសជុលទំនប់ទឹកទី២និងទី៣ ដើម្បីផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុឡើងវិញ ជាក់ស្ដែងនៅថ្ងៃទី០៩ ខែមករានេះ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ទំនប់ស្តុកទឹកទី៣ ដែលជាទំនប់យុទ្ធសាស្ត្រសម្រាប់ការពារទំនប់ទី៤ត្រូវបានជួសជុលមុនគេបំផុត។ រីឯទំនប់ទឹកទី២ដែលបានបាក់មុនគេ លោកអភិបាលខេត្តព្រះសីហនុបានបញ្ជូនក្រុមការងារបច្ចេកទេស និងគ្រឿងចក្របន្ថែមទៀតដើម្បីបង្កើនល្បឿនជួសជុលតភ្ជាប់ឱ្យបានឆាប់រួចរាល់។
ដោយឡែក ចំពោះការជួសជុលបណ្តាញអគ្គិសនីត្រូវបានរៀបចំរួចរាល់ដោយរង់ចាំតែតភ្ជាប់ចរន្តចូលទៅម៉ាស៊ីនបូមទឹកតែប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូបញ្ជាក់ថា ចំពោះការតម្លើងក្បាលម៉ាស៊ីនបូមទឹក និងការតភ្ជាប់ទុយោទឹកទៅស្ថានីយចម្រោះទឹកស្អាតRCI នឹងបញ្ចប់រួចរាល់ចំនួន១ម៉ាស៊ីនក្នុងចំណោម២ម៉ាស៊ីននៅល្ងាចថ្ងៃទី០៩ ខែមករានេះ ដែលនឹងអាចផ្គត់ផ្គង់ទឹកឡើងវិញនៅតំបន់ប្រមាណ១០ទីតាំងក្នុងក្រុងព្រះសីហនុដែលរងផលប៉ះពាល់៕