ករណីអគ្គិភ័យឆាបឆេះកាស៊ីណូនៅប៉ោយប៉ែត៖អ្នកស្លាប់សរុប២៦នាក់ជាជនបរទេសទាំងអស់គ្មានជនជាតិខ្មែរឡើយ
(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយប្រើប្រាស់រយៈពេល៣៩ម៉ោង ពោល គិតត្រឹមល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចកម្ពុជា និងថៃ បានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក ស្រាវជ្រាវរកជនរងគ្រោះដែលជាប់គាំងក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះកាស៊ីណូឈ្មោះហ្គេនដាយមិន នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ទាំងស្រុងហើយ។
ការបិទបញ្ចប់ប្រតិបត្តិការរុករងជនរងគ្រោះទាំងស្រុងនេះ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ក្នុងនោះទាំងអ្នករបួស និងស្លាប់ ពុំមានជនជាតិខ្មែរនោះទេ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងភាគីកម្ពុជាបានប្រើប្រាស់កម្លាំងជួយសង្រ្គោះ និងរុករកសរុបចំនួន១,០០៩នាក់ និងខាងភាគីថៃចំនួន២២១នាក់។
ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍ដ៏រន្ធត់នេះ រួមមាន ជនជាតិថៃចំនួន១៧នាក់ នេប៉ាល់១នាក់ ម៉ាឡេស៊ី១នាក់ សង្ស័យជនជាតិចិន១នាក់ និងមិនស្គាល់អត្តសញ្ញាណ៦នាក់(មិនមែនជាតិខ្មែរ)។
ចំពោះជនរងគ្រោះដែលនៅមានរស់រានមានជីវិតដែលរងរបួស អ្នកខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯប្រទេសថៃ និងអ្នកខ្លះទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុក្នុងខេត្តបន្ទាយមានជ័យតែម្ដង។ យ៉ាងណា សម្រាប់ទំហំនៃការខូចខាតនៅមិនទាន់អាចវាយតម្លៃបាននៅឡើយទេ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានស្តារកំណាត់ផ្លូវលេខ៣១ និងលេខ៣៣ ធ្វើឡើងនៅខេត្តកំពត នាថ្ងៃទី៣០ ខែធ្នូ ក៏បានថ្លែងសារចូលរួមមរណៈទុកចំពោះឧបទ្ទវហេតុអគ្គិភ័យឆាបឆេះកាស៊ីណូនៅក្នុងក្រុងប៉ោយប៉ែតនេះផងដែរ។
គួរឱ្យដឹងថា ករណីអគ្គិភ័យឆាបឆេះកាស៊ីណូ ដែលជាសោកនាដកម្មដ៏ធំសម្រាប់ចុងឆ្នាំ២០២២នេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដោយមូលហេតុត្រូវបានគេសន្និដ្ឋានជាជំហានដំបូងថា ដោយសារឆ្លងចរន្ដអគ្គិសនី។ ទីតាំងអគារកាស៊ីណូដែលឆេះនេះមានចំនួនពីរអគារ ក្នុងនោះបានឆាបឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត៕