ចំនួនអ្នកស្លា-.ប់ដោយព្យុះព្រិលនៅញ៉ូយ៉ក កើនដល់ ២៧ នាក់ហើយ

ចំនួន​ករណី​ស្លាប់​ដោយ​ព្យុះ​ព្រិល​នា​រដ្ឋ ញ៉ូយ៉ក បាន​កើន​ឡើង​ដល់ ២៧ នាក់​ហើយ ក្រោយ​អាជ្ញាធរ ប្រកាស​មាន​អ្នក​ស្លាប់ ១៤ នាក់​នៅ​ក្រុង Buffalo ក្នុង​ពេល​មួយ​ថ្ងៃ។

ក្រុង Buffalo ទីក្រុង​ធំ​បំផុត​ទី ២ នៅ​រដ្ឋ ញ៉ូយ៉ក គឺ​ជា​តំបន់​មួយ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​ព្រិល​ធ្ងន់ធ្ងរ​ជាង​គេ​បំផុត។ ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០២២ កន្លង​ទៅ មន្ត្រី​ក្នុង​តំបន់ បាន​ប្រកាស​ថា ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ធម្មជាតិ​មួយ​នេះ កើន​ឡើង​ដល់ ២៧ នាក់​ហើយ។ ភាគច្រើន​នៃ​ជនរងគ្រោះ​ទាំង​នោះ គឺ​បាន​ស្លាប់​អំឡុង​ពេល​ជាប់​គាំង​នៅ​ក្នុង​ឡាន ឬ មាន​បញ្ហា​បេះដូង ខណៈពេល​កំពុង​កាយ​ព្រិល។

ព្យុះព្រិល​នេះ​ដែរ គឺ​ជា​ព្យុះ​ព្រិល​ដ៏​អាក្រក់​បំផុត គិត​តាំង​ពី​បាតុភូត​ធម្មជាតិ​នៅ​ក្រុង Buffalo កាល​ពី​ឆ្នាំ ១៩៧៧ ដែល​សម្លាប់​មនុស្ស​ជិត ៣០ នាក់ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​រដ្ឋ ញ៉ូយ៉ក។ ជាមួយ​គ្នា​នោះ​ដែរ រដ្ឋ​ញ៉ូយ៉ក ក៏​បាន​ដាក់​ពង្រាយ​សន្តិសុខ​ជាតិ ដើម្បី​ជួយ​អាជ្ញាធរ​ក្នុង​តំបន់ ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​ជាប់​គាំង​ក្នុង​រថយន្ត និង នៅ​តាម​តំបន់​ដែល​គ្មាន​អគ្គិសនី​ប្រើប្រាស់ ថែម​ទាំង​ជួយ​ពិនិត្យ​សុខភាព និង ផ្ដល់​ជា​ជំនួយ​ស្បៀង​ដល់​អ្នក​ដែល​ត្រូវការ​ផង​ដែរ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds