ឯកឧត្ដម ពេជ្រ ស្រស់ ស្នើឱ្យរដ្ឋាភិបាលបញ្ចូលធឿន ធារ៉ាចូលក្របខ័ណ្ឌរដ្ឋដើម្បីលើកកិត្តិយសរូបគេ

ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានស្នើដល់រាជរដ្ឋាភិបាលដាក់បញ្ចូលកីឡាករប្រដាល់គុនខ្មែរកំពុងល្បីឈ្មោះ ធឿន ធារ៉ា ចូលក្នុងក្របខ័ណ្ឌរដ្ឋ ដោយផ្ដល់ជាមុខងារណាមួយ ដើម្បីឱ្យកីឡាកររូបនេះមានកិត្តិយស និងបម្រើជាតិ ចៀសវាងមានគេទិញកីឡាករនេះទៅបម្រើគេបាត់។

ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

សំណើរបស់ប្រធានគណបក្សដែលតែងតែឈឺឆ្អាលរឿងសង្គមរូបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។ ប៉ុន្តែ ចំពោះលទ្ធផលយ៉ាងណា គឺនៅលើរដ្ឋាភិបាលដែលជាអ្នកសម្រេច ហើយបើការស្នើនេះបរាជ័យ ឯកឧត្ដមស្នើសុំសាធារណជនសូមកុំឱ្យខឹងរូបឯកឧត្ដមអី។

កីឡាករ ធឿន ធារ៉ា

គួរបញ្ជាក់ថា ការប្រកាសស្នើសុំពីប្រធានគណបក្សដែលតែងតែឈឺឆ្អាលរឿងសង្គមរូបនេះ ក្រោយពីកីឡាករ ធឿន ធារ៉ា បានវាយឱ្យកីឡាករថៃសៃយុគ ត្រូវគ្រូពេទ្យបញ្ឈប់ការប្រកួតត្រឹមទឹកទី១ ដោយទទួលបានពានស្តេចថៃ និងខ្សែក្រវ៉ាត់មួយគ្រឿង រួមនឹងប្រាក់រង្វាន់ប្រមាណ ៤សែនបាតថែមទៀត។

ជាពិសេស ឯកឧត្ដម ពេជ្រ ស្រស់ បញ្ជាក់ថា ជ័យជំនះរបស់អ្នកលេងកែងពិឃាដ ធឿន ធារ៉ា នៅសង្វៀនលំដាប់របស់ថៃមួយនេះ បានធ្វើឱ្យកក្រើកអស់អ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយគ្នា ធឿន ធារ៉ា ក៏ជាកីឡាករ​គុនខ្មែរ​ដំបូង​គេ​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​លើសង្វៀន​Thai Fightនេះដែរ​ ហើយនេះក៏ជា​ប្រវត្តិសាស្ត្រ​សម្រាប់គុន​ខ្មែរ​ (Kun Khmer) ដែលមិនធ្លាប់មាននៅសង្វៀនលំដាប់របស់ថៃនេះតាំងពីដើមមក។

លើសពីនេះ តាមរយៈសំណេរនៅលើបណ្ដាញសង្គមរបស់ឯកឧត្ដម គឺឯកឧត្ដមបានរំលេចថា «ផ្តល់គុណសម្បត្តិចំពោះអ្នកមានស្នាដៃ ហើយលើកទឹកចិត្តចំពោះអ្នកបរាជ័យ។ បងប្អូនគាំទ្រដែរឬទេ? បើបងប្អូនគាំទ្រសូមជួយShareគ្នាឱ្យបានច្រើនដើម្បីរដ្ឋាភិបាលបានជ្រាប.!»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds