តុលាការប្រកាសសាលក្រមកាត់ទោសសកម្មជន ​និង​ថ្នាក់​ដឹកនាំអតីត​បក្ស​ប្រឆាំង​ជិត៤០​នាក់ឱ្យជាប់ពន្ធនាគារពី៥ទៅ៧ឆ្នាំ

(រាជធានីភ្នំពេញ)៖ សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ បានប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​អតីតសកម្មជន និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សរុប៣៦​នាក់ ក្នុងចំណោម៣៧នាក់ឱ្យជាប់ពន្ធនាគារ​ចន្លោះពី៥ទៅ៧ឆ្នាំ ​ពាក់ព័ន្ធនឹង​សំណុំរឿង​រួម​គំនិត​ក្បត់ ទាក់ទងនឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់ លោកស្រីមូរ សុខហួរ ​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុង​ឆ្នាំ​២០២០។ ជាមួយគ្នា ពួកគេក៏ត្រូវ​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោតផងដែរ។

លោកស្រីអ៊ុក រ៉េតគន្ធា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី​២២ធ្នូ បានប្រកាសសាលក្រម​ផ្ដន្ទាទោស​មេដឹកនាំរបស់អតីតបក្សប្រឆាំងចំនួន១១នាក់ រួមមាន ​លោកសម រង្ស៊ី លោកអេង ឆៃអ៊ាង លោកឡុង រី លោកស្រីមូរ សុខហួរ លោកហូរ វ៉ាន់ លោកស្រីជូ ឡុងសូម៉ូរ៉ា លោកនុត រំដួល លោកអ៊ូ ច័ន្ទរិទ្ធ និង​មនុស្សចំនួន៣​នាក់​ទៀត​ដាក់​ពន្ធនាគារក្នុង​ម្នាក់ៗ៧​ឆ្នាំ ព្រមទាំងត្រូវ​ដក​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​បោះឆ្នោត។

រីឯសកម្មជនអតីតបក្សប្រឆាំង​២៥​នាក់ផ្សេង​ទៀត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារក្នុង​ម្នាក់ៗ៥​ឆ្នាំ ដោយក្នុងនោះ មាន៣​នាក់​កំពុង​ជាប់ឃុំនៅ​ពន្ធនាគារ​ព្រៃស រួមមាន ​លោកគង់ ម៉ាស់ លោកវឿង សំណាង និង​លោកខាន់ ប៊ុនផេង។ ចំណែកឯឈ្មោះឈុន វុទ្ធី និង​ឈ្មោះងឹម ញ៉េញ ត្រូវផ្ដន្ទាទោស៥​ឆ្នាំ​ដែល​តុលាការ​កាត់​ទោសឱ្យ​​ព្យួរទោស​ពីរនាក់។

ដោយឡែក ​ឈ្មោះសេង សុខឡេង វិញ ត្រូវតុលាការ​សម្រេច​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ប្រហែល ១​ខែ ខណៈទោសដែល​នៅសេស​សល់​ត្រូវ​ព្យួរ​ទាំងអស់​ដែរ ហើយ​ឈ្មោះម៉ាត់ វណ្ណី ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​រួច​ផុត​ពី​បទ​ចោទប្រកាន់។

ជាមួយគ្នា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បានប្រកាស​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​មនុស្សចំនួន២០​នាក់ និង​បង្គាប់​ឱ្យ​បញ្ឈប់​ការ​ចេញ​ដីកា​ចាប់​ខ្លួនមនុស្ស៣​នាក់ផងដែរ ​គឺទី១.ឈ្មោះ ម៉ាត់ វណ្ណី ទី២.ឈ្មោះឈុន សិទ្ធី និងទី៣.​ឈ្មោះងឹម ញ៉េញ។

កាលពី​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០២១ ដោយ​មាន​ការ​ចូលរួម​ពី​សកម្មជន​របស់​ខ្លួន​ផង​ដែរ ប៉ុន្តែ​សកម្មភាព​គាំទ្រ​មាតុភូមិ​និវត្តន៍​របស់​សកម្មជន​ទាំងនោះ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ រួម​គំនិត​ក្បត់ ដោយ​ផ្អែក​លើ​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក និង​ការ​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ជា​លក្ខណៈ​ឯកជន​របស់​ពួកគេ ជាដើម។

នៅក្រោយ​ចប់​សវនាការ ក្រុម​គ្រួសារ​របស់​លោកខាន់ ប៊ុនផេង លោកគង់ ម៉ាស់ និង​លោកវឿង សំណាង ដែល​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល៥​ឆ្នាំ​ដោយ​គ្មាន​ការ​ព្យួរ​ទោស បាន​ស្រែក​យំ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ។ ពួកគេបាន​អះអាង​ថា ការ​ប្រកាស​សាលក្រម​របស់​តុលាការ​នេះ​ធ្វើឡើង​យ៉ាង​អយុត្តិធម៌ ព្រោះ​ប្តី​របស់​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។ មិនតែប៉ុណ្ណោះ ពួកគេ​​ថាគ្មាន​ជំនឿ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​បន្ត​ទៀត​នោះ​ទេ។

ទាក់ទងនឹងសាលក្រមដ៏ធំនេះ លោកអំ សំអាត នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​ម​នុស្ស​នៃ​អង្គការ​លីកាដូ លើកឡើងថា សាលក្រមកាត់ទោសសកម្មជន និងមេដឹកនាំអតីតបក្សប្រឆាំងទាំងនេះ គឺអង្គការសង្គមស៊ីវិលនៅក្នុងស្រុក ក៏ដូចជាអង្គការ ឬសហគមន៍អន្តរជាតិយល់ថា សាលក្រមនេះទាក់ទងនឹងរឿងនយោបាយជាជាងការអនុវត្តច្បាប់។

ចាប់តាំងពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០មក អតីត​សកម្មជន​ និងថ្នាក់ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​ចំនួន១៥៨​នាក់​ហើយ ​ត្រូវរងបទចោទចំនួន​ពីរ​​ផ្សេង​គ្នា ដោយក្នុងចំណោមពួកគេ​ ខ្លះត្រូវ​បាន​ចោទ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម បទ​រួម​គំនិត​ក្បត់ និង​បទ​ប៉ុនប៉ង​ធ្វើ​ឧបឃាត ឬ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds