ក្រសួងវប្បធម៌ហាមមិនឱ្យសង់អ្វីថ្មីលើទីតាំងកុដិបុរាណដែលបានវាយកម្ទេចក្នុងវត្ដឧណ្ណាលោមទេរហូតដោះស្រាយចប់
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ខ្លួននឹងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីរក្សាទីតាំងកុដិបុរាណចំនួន៣ដែលវាយកម្ទេចចោលនៅក្នុងបរិវេណវត្តឧណ្ណាលោម មិនឱ្យមានការសាងសង់សំណង់អ្វីថ្មីទេ រហូតដល់នីតិវិធីនានាដែលមានជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។
យោងតាមសេចក្តីជូនដំណឹងស្ដីពី ករណីវាយកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាលោម របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃទី២១ធ្នូនេះបានឱ្យដឹងថា ករណីវាយកម្ទេចកុដិបុរាណចំនួន៣ គឺកុដិលេខ៤៣ លេខ៤៤ និង៤៥ ដែលកសាងក្នុងកំឡុងឆ្នាំ១៩៣០ ស្ថិតនៅក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយរហូតដល់បាត់បង់រូបភាពដើមទាំងស្រុងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ ក្រសួងវប្បធម៌នឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងពុំឱ្យមានការសាងសង់សំណង់អ្វីថ្មីរហូតដល់នីតិវិធីនានាដែលមានជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។
ពាក់ព័ន្ធទៅនឹងករណីនេះ ក្រសួងវប្បធម៌ធ្លាប់បានសម្ដែងនូវការសោកស្តាយយ៉ាងខ្លាំង ដោយចាត់ទុកទង្វើនេះផ្ទុយទៅនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពី ការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ។ នោះក៏ព្រោះថាកុដិទាំង៣នេះ ក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧។ សកម្មភាពវាយកម្ទេចនេះក៏កំពុងរងការរិះគន់យ៉ាងផុលផុសពីមហាជនតាមរយៈបណ្ដាញសង្គមផងដែរ៕