បង្រ្កាបករណីគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តព្រះសីហនុឃាត់ខ្លួនមនុស្ស១០នាក់និងរឹបអូសថ្នាំញៀនជិត១តោន
(ខេត្តព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំរយៈពេលមួយសប្តាហ៍ពេញ និង បានឃាត់ខ្លួនបានជនសង្ស័យសរុប ១០នាក់ ក្នុងនោះ បុរសជាជនជាតិខ្មែរ២នាក់ និង បុរសស្ត្រីជាជនជាតិចិនចំនួន៨នាក់ រួមទាំងរឹបអូសបានថ្នាំញៀនជិត១តោន។
ជនសង្ស័យបានសារភាពថា ពួកគេរក្សាទុកគ្រឿងញៀនជិត១តោននេះ គឺគោលបំណង ដើម្បីជួញដូរទៅកាន់ប្រទេសទី៣ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តបានស្រាវជ្រាវរកឃើញមុន ហើយក៏បើកប្រតិបត្តិការចុះបង្រ្កាបករណីនេះភ្លាមៗជាលក្ខណៈទ្រង់ទ្រាយធំ ដោយប្រើរយៈពេលត្រឹមតែ១សប្តាហ៍។បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថរបស់លោកក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង អភិបាលខេត្តព្រះសីហនុ។
ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនេះធ្វើឡើងនៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ រកឃើញថ្នាំញៀនចំនួន ៣៤ បាវ មានទម្ងន់រហូតដល់១តោន៕