អ្នកនាង លន់ ដាណេ បានជួបបញ្ហាមួយ ដោយមានជនខិលខូចមិនស្គាល់មុខ បានលួចអាក់ខោនហ្វេសប៊ុករបស់អ្នកនាង
ភ្នំពេញ ៖ នាពេលថ្មីៗនេះ អ្នកនាង លន់ ដាណេ បានជួបបញ្ហាមួយ ដោយមានជនខិលខូចមិនស្គាល់មុខបានលួចអាក់ខោនហ្វេសប៊ុករបស់អ្នកនាង ដោយបានគំរាមទារលុយបងប្អូនអ្នកសិល្បៈ ជាពិសេសមនុស្សជុំវិញខ្លួន។
អតីតតារាសម្តែង អ្នកនាង លន់ ដាណេ ដែលពុកម៉ែប្អូនអ្នកគាំទ្រប្រាកដជាបានស្គាល់តារារូបនេះហើយ ដោយតារារូបនេះបានប្តូរអាជីពជាតារាសម្តែងមកជាតារាកំប្លែង ហើយនាពេលបច្ចុប្បន្ននេះ អ្នកនាងហាក់ដូចជាកាក់កប់ជាមួយអាជីពរបស់ខ្លួនជាខ្លាំង តាមរយៈការលេងកំប្លែង ដោយអ្នកនាងតែងតែនាំភាពសើចសប្បាយមកកាន់បងប្អូននាពេលចុងសប្តាហ៍។
ទាក់ទងជាមួយនឹងរឿងហ្វេសប៊ុកនេះ ដូចជាអ្នកនាងធ្លាប់មានបញ្ហាម្តងរួចមក ប៉ុន្តែកាលពីប៉ុន្មានថ្ងៃនេះ អ្នកនាងត្រូវបានជួបម្តងទៀត ដោយរឿងទាំងអស់នេះ តារារូបនេះពិតជាហួសចិត្តជាខ្លាំង។
អ្នកនាងចង់បញ្ជាក់ទៅប្រិយមិត្តអ្នកតាមដានថា សូមកុំអោយចាញ់បោកជនខិលខូចតទៅទៀត ព្រោះដូចជារូបអ្នកនាងផ្ទាល់ អ្នកនាងត្រូវបានជនអនាមិកលួចយកហ្វេសប៊ុកដែលអ្នកនាងលេង រួចយកទៅឆាតខ្ចីលុយអ្នកសិល្បៈដូចគ្នា បងប្អូនអ្នកនាង ជាពិសេសជនមិនស្គាល់មុខរូបនោះថែមទាំងឆាតមកគំរា.មទារលុយ ៥០០ដុល្លាថែមទៀតផង ប្រសិនបើតារាកំប្លែងរូបនេះ ចង់បានអាក់ខោនហ្វេសប៊ុកទៅវិញ។ ត្រង់ចំណុចនេះ តារារូបនេះពិតជាហួសចិត្តជាខ្លាំង ព្រោះវាជារឿងដែលមិននឹកស្មានដល់សម្រាប់រូបនេះអ្នកនាង។
តារាកំប្លែង បានបន្តថា អ្នកនាងចង់ផ្តាំផ្ញើទៅកាន់មហាជនថា អ្នកនាងពុំបានធ្វើទង្វើដ៏ស្មោកគ្រោកបែបនេះនោះទេ ហើយអ្នកនាងចង់ប្រាប់សាធារណជនអោយបានដឹងផងដែរថា អាក់ខោនហ្វេសប៊ុកដែលមានឈ្មោះ Lun Dane ជាភាសាអង់គ្លេស គឺអ្នកនាងឈប់លេងហើយ ប្រសិនបើបងប្អូនមានបញ្ហាអ្វីនោះ អ្នកនាងមិនទទួលខុសត្រូវនោះទេ។
អ្នកនាង ដាណេ បានបន្តថា រឿងរ៉ាវទាំងអស់នេះ អ្នកនាងបានធ្វើការដាក់ពាក្យបណ្តឹងហើយ ប៉ុន្តែក្រោយមកអ្នកនាងក៏បានដកពាក្យបណ្តឹងវិញ ព្រោះអ្នកនាងពុំសូវជាមានពេលវេលាគ្រប់គ្រាន់សម្រាប់អាជ្ញាធរក្នុងការសាកសួរ និងឆ្លើយបំភ្លឺនៅករណីខាងលើ។
ជាចុងក្រោយ តារាកំប្លែងសាច់សខ្ចីរូបនេះ សុំសូមណូមពរដល់មហាជនជាពិសេស សូមកុំចាញ់បោកជនអនាមិកដែលបានលួចហ្វេសប៊ុករបស់អ្នកនាង ហើយសម្រាប់រូបអ្នកនាងផ្ទាល់ពិតជាសប្បាយ ដោយបានដឹងថា ពុំមានសាច់ញាតិបងប្អូនណាបានវេរលុយអោយចោរ៕