យោធាថៃជាង៣០នាក់បាត់ខ្លួនក្នុងករណីលិចនាវាកងទ័ពមួយគ្រឿងនៅឈូងសមុទ្រថៃ

(ប្រទេសថៃ)៖ នាវារបស់កងទ័ពជើងទឹកថៃមួយគ្រឿង បានលិចនៅឈូងសមុទ្រថៃ នាម៉ោងជាង១១យប់ថ្ងៃអាទិត្យទី១៨ខែធ្នូឆ្នាំ២០២២ បណ្តាលឱ្យបាត់ខ្លួនកងទ័ពចំនួន៣៣នាក់។ យោធាថៃបានដាក់ពង្រាយកនាវា ប៉ាល់និងឧទ្ធម្ភាគចក្រ ដើម្បីព្យាយាមកំណត់ទីតាំងទាហានម៉ារីនចំនួន ៣៣ នាក់ដែលបាត់ខ្លួនស្ទើរតែពេញមួយយប់ទៅហើយនោះ។ នាវាកងទ័ពជើងទឹកចំនួន ៣គ្រឿង និងឧទ្ធម្ភាគចក្រ២គ្រឿង ត្រូវបានបញ្ជូនទៅស្វែងរកអ្នកបាត់ខ្លួន បន្ទាប់ពីនាវា HTMAS Sukhothai បានលិចនៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ។ ប៉ុន្តែមានតែនាវាចម្បាំង HTMAS Kraburi មួយគ្រឿងប៉ុណ្ណោះ ដែលបានធ្វើដំណើរទៅដល់នាវានោះ មុនពេលវាលិច។

បើតាមអ្នកនាំពាក្យកងទ័ពជើងទឹកឱ្យដឹងថា នាវាមួយគ្រឿងនេះ ត្រូវបានវាយប្រហារដោយរលកដ៏ខ្លាំងកាលពីថ្ងៃអាទិត្យ ហើយធ្វើឱ្យវាផ្អៀងទៅម្ខាង មុនទឹកហៀរចូលហើយលិចក្នុងសមុទ្រ។

កងទ័ពជើងទឹកបាននិយាយថា បេសកកម្មជួយសង្គ្រោះមួយយប់ ទាំងក្នុងស្ថានភាពអាកាសធាតុអាក្រក់បានធានាសុវត្ថិភាពមនុស្ស ៧៣ នាក់ក្នុងចំណោមមនុស្ស ១០៦ នាក់នៅលើនាវា ខណៈ ៣៣ នាក់ដែលនៅសល់បានបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយគិតត្រឹមព្រឹកថ្ងៃចន្ទនេះ។ មិនមានអ្នកស្លាប់ត្រូវបានគេរាយការណ៍ទេ ប៉ុន្តែសមាជិកនាវិក៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានBBCនៅព្រឹកថ្ងៃចន្ទ។

គួរជម្រាបជូនដែរថា នាវាដែលលិច ផលិតដោយសហរដ្ឋអាមេរិក និងប្រើប្រាស់តាំងពីឆ្នាំ ១៩៨៧ ។ នាវានេះ ត្រូវបានប្រើនៅក្នុងការល្បាតក្នុងដែនទឹកដែលមានចម្ងាយ ៣២ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃស្រុក Bang Saphan ក្នុងខេត្ត Prachuap Khiri Khan នៅពេលដែលវាបានជាប់នៅក្នុងព្យុះកាលពីរាត្រីថ្ងៃអាទិត្យ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds