អាកាសធាតុនឹងចុះត្រជាក់ខ្លាំងនៅខេត្តតំបន់ភ្នំនិងខ្ពង់រាបឦសាន ចាប់ពីថ្ងៃទី១៨-២០ធ្នូខាងមុខ!

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីចិនបានធ្លាក់យ៉ាងគំហុកមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុងល្បឿនខ្លាំង។ ប្រការនេះ នឹងធ្វើឱ្យ អាកាសធាតុចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ អាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្ដាខេត្តតំបន់ភ្នំ និងជាប់ជួរភ្នំដងរែក និងខ្ពស់រាបភាគឦសាន។

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្ដរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមានអាចនឹងធ្លាក់ចុះដល់ចន្លោះពី១៥ទៅ១៦អង្សារសេ។ រីឯខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអាចនឹងធ្លាក់ចុះដល់១៧ទៅ១៨អង្សារសេ។ ដោយឡែក ចំពោះរាជធានី និងបណ្ដាខេត្តដទៃទៀត សីតុណ្ហភាពនឹងស្ថិតក្នុងរង្វង់២០អង្សារសេ។

យ៉ាងណាមិញ ក្នុងអំឡុងពេលនោះដែរ ក្រសួងថា សីតុណ្ហភាពអតិបរមានៅវេលាថ្ងៃនឹងមានចន្លោះពី២៦ទៅ២៩អង្សារសេ ហើយបន្ទាប់មក គឺនៅថ្ងៃទី២១ ខែធ្នូ សីតុណ្ហភាពអាចនឹងកើនឡើងបន្ថែមទៀតទៀតចន្លោះពី២ទៅ៣អង្សារសេវិញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds