សារមន្ទីរមីនដំបូងបង្អស់ទំហំ១២ហិកតានឹងត្រូវសាងសង់លើទឹកដីខេត្តសៀមរាប
សារមន្ទីរមីនដំបូងបង្អស់មួយកន្លែងឈ្មោះថា “សារមន្ទីរសន្តិភាពសកម្មភាពមីន” ទំហំ៥២ម៉ែត្រគុណ៥២ម៉ែត្រ កម្ពស់១៧ម៉ែត្រ បូកសំណង់ខាងក្រៅអាគារមួយចំនួនទៀត នឹងលេចរូបរាងឡើងនៅលើទឹកដីខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់លោកហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
លោកហេង រតនា បញ្ជាក់ថា អាគារសារមន្ទីរមីនជាប្រវត្តិសាស្រ្តនេះ នឹងត្រូវសាងសង់រាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេលើពិភពលោក និងជាធាតុរឹងក្នុងការរចនាសំណង់សិល្បៈនៃសារមន្ទីរ។
លោកបន្ថែមថា ការកសាងធាតុទន់នៃសារមន្ទីរមីននេះ រួមមានការកសាងធនធានមនុស្សគ្រប់គ្រងសារមន្ទីរ និងការកសាងឯកសាររឿងរ៉ាវប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជាបានទទួលរងទុក្ខវេទនាក្នុងសង្គ្រាម និងបន្តប្រឈមមុខជាមួយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម។ មិនតែប៉ុណ្ណោះ លោកថានឹងនេះត្រូវប្រមូលភស្តុតាងប្រវត្តិសាស្ត្រ សំរាប់មនុស្សជំនាន់នេះចងចាំនិងមនុស្សក្រោយៗទៀតបានសិក្សាស្វែងយល់។
គួរបញ្ជាក់ថា “សារមន្ទីរសន្តិភាពសកម្មភាពមីន” ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលនឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ១២ហិកតា ព្រមទាំងចំណាយរយៈពេល៣ឆ្នាំ៕