នារីមេម៉ាយ ទំនាក់ទំនងស្នេហាជាមួយជនសង្ស័យ ស្គាល់គ្នាតាមទូរស័ព្ទ រហូតបានរស់នៅជាមួយគ្នា យល់ចិត្តថ្លើមដល់ថ្នាក់មានកូនក្នុងពោះទៀតផង ទីបំផុតនារីជាសង្សារ ប្ដឹងសមត្ថកិច្ចអោយចាប់ឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវនារីជាសង្សារប្ដឹងសមត្ថកិច្ចអោយចាប់ឃាត់ខ្លួនពីបទលួងលោមបោកប្រាស់លើសេចក្ដីទំនុកចិត្តយកម៉ូតូគេចខ្លួនបាត់អស់ជាច្រើនខែមិនត្រឡប់មកវិញ នៅចំណុចទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ។

ស្រី្ដរងគ្រោះឈ្មោះ ទន បូរវី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យមានឈ្មោះ មឹក ភារម្យ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិ តាមួង ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ ។

ស្រី្ដរងគ្រោះ បានរៀបរាប់ប្រាប់ឱ្យដឹងថា គាត់ជាស្ត្រីមេម៉ាយបានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យ ស្គាល់គ្នាតាមទូរស័ព្ទរហូតបានរស់នៅជាមួយគ្នាយល់ចិត្តថ្លើមដល់ថ្នាក់មានកូនក្នុងពោះទៀតផង ។ ការរស់នៅជាមួយគ្នាដូចប្តីប្រពន្ធបាន៥ខែ បុរសជាគូស្នេហ៍បានលួងលោមសុំអោយខាងស្រីចេញមុខធានាទៅបង់រំលោះយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ1II-3722 ដើម្បីជិះទៅធ្វើការ ដោយប្រុសស្នេហ៍ជាអ្នកធានាបង់លុយប្រចាំខែ ខាងប្រុសជាអ្នកធានាបង់។

ស្ត្រីរងគ្រោះបានបន្តថា ការបង់រំលោះបានបួនខែ ស្រាប់តែប្រុសស្នេហ៍ខ្ចីម៉ូតូជិះទៅទិញសាច់កាប់ទៅបាត់រហូតមិនឃើញត្រឡប់មកវិញសោះ សូម្បីតែទូរស័ព្ទទាក់ទងក៏មិនចូលដែរ ទើបខាងស្រីទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកជនសង្ស័យនេះ យកមកចូលដោះស្រាយជាមួយខ្លួន ព្រោះអីគាត់ត្រូវបានខាងធនាគារមកទាមទាររឿងលុយបង់ប្រចាំខែពីគាត់។
ប្រភពដដែលបានបន្តទៀតថា ចាប់តាំងពីថ្ងៃដែលដាក់ពាក្យបណ្ដឹងរួចមកខ្លួនតែងតែស្រាវជ្រាវរកជនសង្ស័យរហូត ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងតែអង្គុយហូបអីនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញក៏ទាក់ទងប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានអោយជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យ រួចរាយការណ៍ទៅខាងខណ្ឌឫស្សីកែវភ្លាមៗ។

ជនសង្ស័យត្រូវបានខាងកំលាំងសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយកទៅប្រគល់អោយដល់កន្លែងដែលជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឲ្យខាងម្ចាស់ទឹកដីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds