អ្នកវិភាគនយោបាយថា ការលុបចោលទស្សនកិច្ចទៅមីយ៉ាន់ម៉ារបស់ឯកឧត្ដម ប្រាក់ សុខុន ដោយសារគ្មានការរីកចម្រើនក្នុងការអនុវត្តកុងសង់ស៊ីស

ឯកឧត្ដម ជុំ សុន្ទរី អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេសកម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា និងជាប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា បាន​សម្រេចលុប​ចោល​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ជា​លើក​ទី​៣​ ដែលជាទស្សនកិច្ច​លើក​ចុង​ក្រោយមុនបញ្ចប់អាណត្តិរបស់លោកនៅឆ្នាំនេះ​ ក្នុងនាមកម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ានប្ដូរវេន។

អ្នកនាំពាក្យក្រសួងការបរទេសដដែល បញ្ជាក់ថា​ ​ការ​លុប​ចោល​គម្រោង​ដំណើរទស្សនកិច្ចជាលើកទី៣ទៅកាន់ប្រទេសដឹកនាំដោយរបបសឹកនេះ គឺដោយ​សារ​តែ​កត្តាពេល​វេលា ​ព្រោះថា ​ឯកឧត្ដម ប្រាក់ សុខុន ក៏​នឹង​មាន​កិច្ចប្រជុំ​កំពូល​រម្លឹក​ខួប​អាស៊ាន ​និង​សហភាព​អ៊ឺរ៉ុបនៅឯប្រទេស​បែលហ្សិកនា​ពេលឆាប់ៗនេះដែរ។ ចំណែកកត្តាមួយទៀត បើទោះជាប្រេសិតពិសេសទៅធ្វើទស្សនកិច្ចជាលើកទី៣ក៏ដោយ ក៏​កម្ពុជាក្នុងនាមជាប្រធានអាស៊ានគ្មានក្ដីរំពឹងថានឹង​អាចសម្រេច​បាន​នូវ​លទ្ធផល​ជា​ដុំ​កំភួនដែរ។

ជុំវិញករណីនេះ លោកបណ្ឌិតយង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយ យល់ថា ការសម្រេចលុបចោលទស្សនកិច្ចជាលើកទី៣របស់លោកប្រាក់ សុខុន ដោយសារមីយ៉ាន់ម៉ានេះពុំមានការរីកចម្រើនក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចឡើយ។ មិនត្រឹមតែមិនអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទទេ ប្រទេសដឹកនាំដោយរបបសឹកនេះថែមទាំងបានកាត់ទោសប្រហារជីវិតនិស្សិត៧នាក់ ដែលជាការផ្គើននឹងអាស៊ានផងដែរ។

លោកបណ្ឌិត យង់ ពៅ

ជាមួយគ្នា លោកបណ្ឌិតលើកឡើងថា ការលុបចោលទស្សនកិច្ចនេះក៏អាចដោយសារតែកម្ពុជាគ្មានការរំពឹងថានឹងសម្រេចបានលទ្ធផលអ្វីដែលគួរឱ្យកត់សម្គាល់ ដែលបានមកពីទស្សនកិច្ចនេះដែរ ដោយសារប្រេសិតពិសេសមិនអាចជួបជាមួយភាគីនយោបាយណាមួយបានឡើយ។ យ៉ាងណា លោកបណ្ឌិតយល់ថា ការសម្រេចលុបចោលទស្សនកិច្ចទៅមីយ៉ាន់ម៉ាជាលើកទី៣នេះ ជារឿងត្រឹមត្រូវ។

គួរឱ្យដឹងថា តាមរយៈ​សេចក្ដីថ្លែងការណ៍ ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្ដម ប្រាក់ សុខុន បេសកជន​ពិសេស​នៃ​ប្រធាន​អាស៊ាន​ទទួលបន្ទុក​បញ្ហា​មី​យ៉ាន់​ម៉ា បានបង្ហាញ​ការ​សាទរ​ចំពោះ​ការដោះលែង​អ្នកទោស​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមប្រឹក្សារដ្ឋ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ធ្វើឡើង​នា​ពេល​ថ្មីៗ​នេះ និងបានបង្ហាញពីបំណងធ្វើដំណើ​រទស្ស​ន​កិច្ច​ជា​លើក​ទី​៣ទៅកាន់ប្រទេសនេះថែមទៀត។ ប៉ុន្តែ ស្រាប់តែថ្មីនេះ របបសឹកភូមាបានកាត់ទោសប្រហារជីវិតនិស្សិត៧នាក់ ដោយមិនកោតក្រែងដល់អាស៊ានសូម្បីបន្តិច៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds