ក្រោយផ្ទះការតវ៉ា!រដ្ឋាភិបាលចិនសម្រេចប្រកាសបន្ធូរបន្ថយវិធានការរឹតត្បិតកូវីដ-១៩

(ប្រទេសចិន)៖ នៅថ្ងៃពុធនេះ រដ្ឋាភិបាលចិនបានសម្រេចបន្ធូរបន្ថយច្បាប់ប្រឆាំងកូវីដ-១៩ ដែលជាការផ្លាស់ប្តូរមួយដ៏ធំ គិតចាប់តាំងជំងឺនេះបានរាតត្បាត រយៈពេល៣ឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។

ការបន្ធូរបន្ថយនេះរួមមានទាំងការអនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញាអាចស្នាក់នៅក្នុងផ្ទះ ហើយលុបចោលនូវការធ្វើតេស្តសម្រាប់អ្នកដំណើរក្នុងប្រទេស ចំពេលដែលទីក្រុងប៉េកាំងកំពុងរៀបចំឲ្យមនុស្ស ១.៤ពាន់លាននាក់ រៀនរស់នៅជាមួយកូវីដ-១៩។ ទោះបីជាព្រំដែនច្រើននៅតែបិទក៏ដោយ តែប្រជាពលរដ្ឋបានអបអរសាទរ ចំពោះលទ្ធភាពនៃការផ្លាស់ប្តូរ ដែលអាចមើលឃើញថា ចិននឹងងើបឡើងវិញបន្តិចម្តងៗ ចូលទៅក្នុងពិភពលោកឡើងវិញ គិតចាប់តាំងពីមេរោគនេះ ត្រូវបានរកឃើញដំបូងនៅទីក្រុងវូហាន (Wuhan)។

កាសែត Beijing Daily របស់រដ្ឋចិន បានរាយការណ៍ដោយដកស្រង់សម្តីរបស់ លោក គូ សៅហុង (Gu Xiaohong) មន្ត្រីជាន់ខ្ពស់ផ្នែកឱសថបុរាណចិនដែលបាននិយាយថា ប្រទេសចិនគួរតែផ្លាស់ប្តូរឈ្មោះផ្លូវការនៃជំងឺកូវីដ-១៩ ដើម្បីឆ្លុះបញ្ចាំងថាអ្នកជំងឺដែលមានរោគសញ្ញាស្រាល អាចជាសះស្បើយនៅផ្ទះបាន។ ប៉ុន្តែការបន្ធូរបន្ថយច្បាប់នេះ អាចនាំដល់ការប្រញាប់ប្រញាល់ ចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋជាពិសេសមនុស្សចាស់ ឬអ្នកដែលមានសុខភាពខ្សោយ។

គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានធ្វើជាប្រធានកិច្ចប្រជុំនៃការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្ត កាលពីថ្ងៃអង្គារសប្តាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds