ប្រធានស.ស.យ.កថា គ្មានករណីររៀបបញ្ជីឈ្មោះសិស្សជាសមាជិកស.ស.យ.កផ្ញើទៅក្រសួងអប់រំទេ

(រាជធានីភ្នំពេញ)៖ ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ថា គ្មានករណីរៀបបញ្ជីឈ្មោះសិស្សជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវប្រឡងបាក់ឌុបឆ្នាំនេះផ្ញើទៅក្រសួងអប់រំ យុវជន និងកីឡានោះទេ។ ការច្រានចោលរបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ ក្រោយពីមានការចោទប្រកាន់មួយចំនួននៅលើបណ្ដាញសង្គមថា សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំបញ្ជីឈ្មោះសមាជិករបស់ខ្លួនផ្ញើទៅក្រសួងអប់រំ យុវជននិងកីឡា។

ឯកឧត្ដម ហ៊ុន ម៉ានី

ឯកឧត្ដម ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបានប្រកាសច្រានចោលថា ពុំមានករណីរៀបចំបញ្ជីរាយនាមសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ដែលជាបេក្ខជនត្រូវប្រឡងបាក់ឌុបផ្ញើទៅក្រសួងអប់រំ យុវជន និងកីឡាដូចទៅនឹងការចោទប្រកាន់ឡើយ។

លោកហ៊ុន ម៉ានី បានប្រកាសបដិសេធយ៉ាងដាច់អហង្ការថា គ្មានករណីបែបនេះកើតឡើងនោះទេ ផ្ទុយទៅវិញលោកថា សហភាពសហព័ន្ធយុវជនកម្ពុជាតែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយវិស័យអប់រំ។ ពោល លោកថាចាប់តាំងពីឆ្នាំ២០១៤មក សហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមសង្កេតការណ៍ ការប្រឡងបាក់ឌុបដើម្បីជំរុញឱ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ដោយផ្អែកលើទិសស្លោក “អ្នកចេះគឺជាប់”។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដដែល សង្កត់ធ្ងន់ថា លោកចង់ឃើញការរៀបចំការប្រឡងបាក់ឌុបប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់។ លោកអះអាងច្បាស់ៗថា សហភាពសហព័ន្ធយុវជនកម្ពុជាមិនធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ។ ដោយឡែក ប្រសិនបើមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធការប្រឡងបាក់ឌុប សហភាពសហព័ន្ធយុវជនកម្ពុជានឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានគូសបញ្ជាក់ក្នុងឱកាសផ្ដល់បទសម្ភាសជូនក្រុមអ្នកសារព័ត៌មាននៅមុនដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៥ធ្នូថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មិនអាចមានការស៊ីសំណូកសូកប៉ាន់ ឬពុករលួយឡើយ ទាំងដំណាក់កាលប្រឡងសំណេរ និងដំណាក់កាលកែសន្លឹកកិច្ចការ។

ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា

គួរឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨,១៣៥នាក់(ស្រី៦៨,៧៧១នាក់) និងមានមណ្ឌលប្រឡងសរុបចំនួន២២១មណ្ឌល(៥,១៧៤បន្ទប់)៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds