មេប៉េអឹមលើផ្ទៃប្រទេសព្រមានបំផ្លាញមធ្យោបាយដឹកជញ្ជូនឈើដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានព្រមានដុតបំផ្លាញរាល់មធ្យោបាយដឹកជញ្ជូនឈើដែលគ្មានលិខិតអនុញ្ញាតពីជំនាញត្រឹមត្រូវតាមច្បាប់ ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មព្រៃឈើ និងរក្សាព្រៃឈើឱ្យបានគង់វង្ស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ចេញកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។
ការព្រមានរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បន្ទាប់ពីសង្កេតឃើញការចុះផ្សាររបស់បណ្ដាញសារព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយមួយចំនួនតូច ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ជាពិសេសពាក់ព័ន្ធនឹងខេត្តព្រះវិហារ កំពង់ធំ ក្រចេះ មណ្ឌលគិរី និងខេត្តមួយចំនួនទៀត។
អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ គូសបញ្ជាក់ថា ព័ត៌មានដែលចុះផ្សាយខ្លះជាព័ត៌មានពិត ហើយឈានដល់ការបង្រ្កាបផងដែរ ប៉ុន្តែព័ត៌មានមួយចំនួនទៀតជាព័ត៌មានមិនពិតឡើយ។ ជាក់ស្ដែង តាមការស្រាវជ្រាវរបស់ក្រុមជំនាញរបស់កងរាជអាវុធហត្ថបង្ហាញថា សារព័ត៌មានខ្លះបានយករូបភាពចាស់ៗ យកឈ្មោះបុគ្គល ឬក្រុមហ៊ុនផ្សេងៗមកចុះផ្សាយ ធ្វើឱ្យមានការភាន់ច្រឡំ និងខូចកិត្តិយសបុគ្គល ឬក្រុមហ៊ុនដែលប្រកបអាជីវកម្មមានលិខិតអនុញ្ញាតត្រឹមត្រូវ។
អ្នកនាំពាក្យគណៈកម្មការជាតិដដែល បានឱ្យដឹងបន្ថែមថា នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យក្រុមការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្រាវជ្រាវករណីដែលបានចុះផ្សាយថា “បទល្មើសព្រៃឈើកំពុងកើតយ៉ាងរង្គាលនៅតំបន់ស្នូលព្រៃឡង់ក្នុងស្រុករវៀង ខេត្តព្រះវិហារ”។ ប៉ុន្តែ ក្រោយក្រុមស្រាវជ្រាវចុះដល់ភូមិសាស្រ្តដូចដែលសារព័ត៌មានចុះផ្សាយ និងបានពិនិត្យទីតាំង ស្ដាប់ការបំភ្លឺពីអាជ្ញាធរមូលដ្ឋាន និងត្រួតពិនិត្យឯកសារក្រុមហ៊ុនដែលធ្វើអាជីវកម្ម គឺពុំមានសកម្មភាពកៀរគរកម្មករ គោយន្ត និងឈរចាំទិញឈើពីខាងក្រោមអូសចូលក្រុមហ៊ុនដូចទៅនឹងការចុះផ្សាយឡើយ។
គួររម្លឹកថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ បានបង្រ្កាបចាប់រថយន្តម៉ាកសាំយ៉ុងកៃច្នៃចំនួន២គ្រឿង ដឹកឈើអារគ្រឿងប្រហែល១០ម៉ែត្រត្រីគុណ នៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រីឯវត្ថុតាងបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកព្រែកប្រសព្វ។ រថយន្តសាំយ៉ុងកៃច្នៃទាំង២គ្រឿង នឹងត្រូវបំផ្ទុះដោយម្សៅTNT នៅថ្ងៃទី០៥ ខែធ្នូខាងមុខនេះ៕