កម្ពុជាទទួលជំនួយជាង១៧ម៉ឺនដុល្លារពីជប៉ុនសម្រាប់អភិវឌ្ឍន៍សាលារៀនក្នុងខេត្តចំនួន២
រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ជំនួយឥតសំណងជាទឹកប្រាក់សរុបចំនួន១៧១,៦៤១ដុល្លារអាមេរិកដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ និងសាងសង់អគារសិក្សានៅសាលារៀនចំនួនពីរកន្លែង ក្នុងខេត្តបាត់ដំបង និងខេត្តកោះកុង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ(ជំនួយឥតសំណងគូសាណូណិ-KUSABIBE) ដែលរៀបចំធ្វើនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។
គម្រោងអភិវឌ្ឍន៍សាលារៀនទាំងពីរកន្លែងនេះ រួមមាន៖ ទី១. គម្រោងសាងសង់អគារសិក្សានៅសាលាមត្តេយ្យសិក្សាបណ្ដុះកុមារក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំណាយថវិកាសរុបចំនួន៧៩,៤៦៥ដុល្លារអាមេរិក និងទទួលជំនួយដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។ គម្រោងនេះ នឹងត្រូវសាងសង់អគារមត្តេយ្យសិក្សា១ខ្នងមាន២បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមមត្តេយ្យសិក្សា បង្គន់អនាម័យ១ខ្នងមាន២បន្ទប់ និងកន្លែងលាងដៃចំនួន១។ មិនតែប៉ុណ្ណោះ គម្រោងដដែលនេះ និងសាងសង់របងព័ន្ធជុំវិញ ខ្លោងទ្វារសាលា សម្ភារៈសួនកុមារ និងស៊ីទែនទឹកចំនួន១ ក៏ដូចជាការចាក់សាបនៅទីធ្លារសាលាផងដែរ។
ដោយឡែក គម្រោងទី២. ជាគម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យតានី ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ចំណាយថវិកាសរុបចំនួន៩២,១៧៦ដុល្លារអាមេរិក និងទទួលជំនួយដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។ គម្រោងនេះ នឹងត្រូវសាងសង់អគារសិក្សា១ខ្នងមាន៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន បង្គន់អនាម័យ១ខ្នងមាន៤បន្ទប់ និងអណ្ដូងទឹកចំនួន១។
ថ្លែងក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយនាថ្ងៃនេះ លោកតានិណៃឍ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញការសាទរចំពោះការរីកចម្រើនរបស់កម្ពុជា ទោះបីនៅមានបញ្ហាប្រឈមមួយចំនួនត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនក៏ដោយ។ លោកថា ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ ដូចជា គម្រោង “គូសាណូណិ”ផងដែរ។
គួរជម្រាបថា ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ប្រទេសជប៉ុន(ជំនួយឥតសំណងគូសាណូណិ-KUSANONE) បានចាប់ផ្ដើមនៅកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងនៅតាមកម្រិតមូលដ្ឋាន។ ជំនួយនេះមានគោលបំណងការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ឬភាពអកុសលនានា ដែលអាចគម្រាមកំហែងដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ជនងាយរងគ្រោះ។ ជាពិសេស ជំនួយនេះក៏ជួយជំរុញភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍ផងដែរ។ យ៉ាងណាបើគិតចាប់ពីឆ្នាំ១៩៩១មកដល់បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយជាថវិកាដល់កម្ពុជាសរុបជាង៦៥លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណីសរុបចំនួន៦៦៥គម្រោងនៅទូទាំងប្រទេសកម្ពុជា៕