Update៖ ពេទ្យឆ្មបនៅគ្លីនិកឈ្មោះ“ដើមអង្រ្គង”ដែលអនុវត្តការរំលូតគ៌ភរបស់ស្រ្តីម្នាក់ធ្វេសប្រហែសត្រូវបញ្ឈរជើង២ឆ្នាំ

(ខេត្តកំពង់ស្ពឺ)៖ គ្រូពេទ្យឆ្មបម្នាក់បម្រើការនៅមន្ទីរសម្រាកព្យាបាលឈ្មោះ “ដើមអង្រ្កង” ដែលបានរំលូតគ៌ភក្នុងផ្ទៃអាយុ១៨សប្ដាហ៍របស់ស្រ្តីវ័យ២២ឆ្នាំម្នាក់ និងបានបង្កឱ្យស្រ្តីរូបនេះរងគ្រោះ ត្រូវរងការដាក់ទណ្ឌកម្មមិនឱ្យប្រកបវិជ្ជាជីវៈឆ្មបរយៈពេល២ឆ្នាំជាបណ្ដោះអាសន្ន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងសុខាភិបាលបានឱ្យដឹងថា ពេទ្យឆ្មបដែលត្រូវរងទណ្ឌកម្មនេះមានឈ្មោះអ៊ុង ធារិន ធ្លាប់មានការបណ្ដុះបណ្ដាលជំនាញឆ្មប តែនៅមិនទាន់ទទួលបានការបណ្ដុះបណ្ដាលជំនាញរំលូតគ៌ភបន្ថែមឡើយ។ ប្រការនេះ ក្រសួងសុខាភិបាកចាត់ទុកការអនុវត្តរបស់ពេទ្យឆ្មបនេះ គឺខុសពីគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងបទដ្ឋានគតិយុត្តនានារបស់ក្រសួង និងខុសពីគណៈវិជ្ជាជីវៈឆ្មប។

មុនឈានដល់ការដាក់ទណ្ឌកម្មឱ្យគ្រូពេទ្យឆ្មបនេះឱ្យបញ្ឈរជើង២ឆ្នាំ ក្រោយពីក្រសួងសុខាភិបាលបានចាត់ឱ្យគណៈវិជ្ជាជីវៈឆ្មប ចុះស្រាវជ្រាវជាបន្តបន្ទាប់ ដោយអនុលោមតាមច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានជាធរមាន។ ជាក់ស្ដែង តាមរយៈការស្រាវជ្រាវ គណៈវិជ្ជាជីវៈឆ្មបបានរកឃើញពីកំហុសឆ្គង និងការធ្វេសប្រហែស និងបានសម្រេចដាក់ទណ្ឌកម្មខាងវិន័យដោយយោងតាមមាត្រាទី១៥ នៃច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។

យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះករណីរំលូតគ៌ភដោយធ្វេសប្រហែសដោយមន្ទីរសម្រាកព្យាបាលដើមអង្រ្កងនេះ ខណៈក្រសួងបានសម្រេចបិទមន្ទីរសម្រាកព្យាបាលនេះជាបណ្ដោះអាសន្ន ដើម្បីបន្តស្រាវជ្រាវតាមច្បាប់ជាធរមាន។ មិនតែប៉ុណ្ណោះ ក្រសួងបានតម្រូវឱ្យមន្ទីរសម្រាកព្យាបាលដដែលនេះ ទទួលខុសត្រូវចំពោះមុខច្បាប់លើហេតុការណ៍ដែលបានកើតឡើង ដោយសារតែការធ្វេសប្រហែសរបស់គ្រូពេទ្យរបស់ខ្លួននេះ។

ហេតុការណ៍រំលូតគ៌តធ្វើឱ្យស្រ្តីជាម្ដាយរងគ្រោះធ្ងន់ធ្ងរនេះ បានកើតឡើងកាលពីថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយស្រ្តីរងគ្រោះមានឈ្មោះសឿន ស្រីអូន អាយុ២២ឆ្នាំ។ ហេតុការណ៍នេះកើតឡើងនៅមន្ទីរសម្រាកព្យាបាលមួយកន្លែងឈ្មោះដើមអង្រ្កង(ព្រៃទទឹង) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិលៀក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រោយទទួលបានព័ត៌មានភ្លាមៗនៅថ្ងៃដដែលនោះ ក្រសួងសុខាភិបាលបានចាត់បញ្ជូនក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដើម្បីចុះទៅពិនិត្យ និងស្រាវជ្រាវជុំវិញករណីនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds