ឯកឧត្ដម ពេជ្រ ស្រស់ ពីក្មេងជនបទក្លាយខ្លួនជាប្រធានគណបក្សនិងត្រៀមទទួលងារជា«បណ្ឌិត»
អ្នកនយោបាយវ័យក្មេងដែលកំពុងលេចធ្លោមួយរូប គឺឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កំពុងមានភារកិច្ចដ៏សំខាន់មួយ ដោយឯកឧត្ដមកំពុងការពារនិក្ខេបទថ្នាក់បណ្ឌិត ជាលើកទី១ ក្នុងចំណោមការឡើងការពារទាំង២លើក ដើម្បីឈានឆ្ពោះទៅបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជាស្ថាពរ នៅសាកលវិទ្យាល័យខេមរៈ។
ក្នុងពិធីការពារនិក្ខេបបទថ្នាក់បណ្ឌិតនេះ ឯកឧត្ដម ពេជ្រ ស្រស់ នឹងត្រូវទទួលការវាយតម្លៃពីបណ្ឌិតដែលជាសាស្រ្តាចារ្យសាកលវិទ្យាល័យខេមរៈជាច្រើនរូប ក្នុងនោះរួមមានដូចជា លោកបណ្ឌិត ឈត ប៊ុនថង លោកបណ្ឌិត អ៊ូច មុន្នី លោកបណ្ឌិត ស៊ឺន សំ ជាដើម។ ក្រោយឆ្លងកាត់ការការពារលើកទី១នេះ ឯកឧត្ដមប្រធានគណបក្សយុវជនកម្ពុជាក៏នឹងត្រូវឡើងការពារនិក្ខេបបទរបស់ខ្លួនជាលើកទី២ផងដែរ។
ជារួម ក្រោយបញ្ចប់ការពារនិក្ខេបបទនេះរួច ឯកឧត្ដម ពេជ្រ ស្រស់ នឹងត្រូវប្ដូរងារ ពីឯកឧត្ដម ពេជ្រ ស្រស់ ទៅជា ឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ដែលមិនមែនជារឿងចៃដន្យឡើយ។ មិនមែនជារឿងចៃដន្យដោយហេតុថា ឯកឧត្ដមវ័យក្មេងនេះបានតស៊ូលើវិថីជីវិត និងឆ្លងកាត់ព្យុះភ្លៀងមិនតិចឡើយ ជាក់ស្ដែងលោកធ្លាប់មានប្រវត្តិតស៊ូ ដែលគួរឱ្យកោតសរសើរ។
ប្រឡេកទៅមើលប្រវត្តិរបស់ឯកឧត្ដម ពេជ្រ ស្រស់ គឺឯកឧត្ដមជាអ្នកមានស្រុកកំណើតកើតជានៅក្នុងស្រុកអូររាំងឪ ខេត្តកំពង់ចាម ដែលបច្ចុប្បន្នកាត់ចូលទៅក្នុងខេត្តត្បូងឃ្មុំ។ លោកកើតនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៧៩ និងធ្លាប់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្ររងផ្នែកនីតិសាស្រ្ត នៃសាកលវិទ្យាល័យមេគង្គកម្ពុជា នៅចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨។
នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ឯកឧត្ដម ពេជ្រ ស្រស់ បានតស៊ូសិក្សារហូតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រង នៃសាកលវិទ្យាល័យបញ្ញាជាតិ។ មិនតែប៉ុណ្ណោះ លុះដល់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ឯកឧត្ដម ពេជ្រ ស្រស់ ក៏បន្តសិក្សារហូតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត នៃសាកលវិទ្យាល័យបញ្ញាជាតិ។ ជាការកត់សម្គាល់ នៅឆ្នាំ២០២២ ឯកឧត្ដម ពេជ្រ ស្រស់ បានខិតខំឆ្លៀតពេលវេលា ក្រៅពីការដឹកនាំគណបក្សយុវជនកម្ពុជារបស់លោក ដើម្បីសិក្សានៅថ្នាក់បណ្ឌិត ដើម្បីក្លាយខ្លួនបេក្ខជនបណ្ឌិត ជាក់ស្ដែងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្ដមបានឡើងការពារនិក្ខេបបទរបស់ឯកឧត្ដមលើកទី១។ ពោល គឺឯកឧត្ដមនឹងប្រែក្លាយខ្លួនជា បណ្ឌិតមួយរូបនាពេលឆាប់ៗខាងមុខនេះ។
បើបន្តជីកកកាយប្រវត្តិរបស់ឯកឧត្ដម ពេជ្រ ស្រស់ កាលពីអតីតកាល ឯកឧត្ដមជាកូនកសិករក្រីក្រ ធ្លាប់ហែលឆ្លងការងាររាប់មិនអស់ ជាក់ស្ដែង នៅចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ ឯកឧត្ដមធ្លាប់ទាំងធ្វើជាកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់នៅក្នុងរាជធានីភ្នំពេញ។ ទោះបីជីវិតជាកម្មកររោងចក្រមិនងាយស្រួល តែឯកឧត្ដមខិតខំបំពេញការងារបានយ៉ាងល្អ នឹងបានឡើងតំណែងជាអនុប្រធានសហជីពមួយឈ្មោះថា សហជីពវីរៈភាពកម្មករកម្ពុជា នៅចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦។
ខ្សែជីវិតរបស់លោកចាប់ផ្ដើមមានពន្លឺបន្តិចម្ដងៗ ដោយនៅឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ ប្រធានគណបក្សដែលតែងតែឈឺឆ្អាលរឿងសង្គមរូបនេះ ទទួលបានមុខតំណែងថ្មីទៀត ជាប្រធានចលនាយុវជនរបស់គណបក្សសិទ្ធិមនុស្សប្រចាំនៅរាជធានីភ្នំពេញ និងជាពិសេសឯកឧត្ដមទទួលតំណែងជាជំនួយការបេក្ខជនតំណាងរាស្រ្តរបស់គណបក្សសិទ្ធិមនុស្សប្រចាំខេត្តឧត្ដរមានជ័យថែមទៀត។
ប្រឡូកក្នុងវិស័យឧស្សាហកម្មមិនអស់ចិត្ត ឯកឧត្ដម ពេជ្រ ស្រស់ ដែលជាមនុស្សចូលចិត្តសិក្សាពហុជំនាញ បានស្រវ៉ាឈោងចាប់ជំនាញក្នុងវិថីសិល្បៈបន្តទៀត រហូតទទួលបានតួនាទីជាអគ្គលេខាធិការសមាគមភាពយន្តកម្ពុជា នៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១០។ នៅឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ ឯកឧត្ដមបានបើកអង្គការមួយឈ្មោះថា «អង្គការរួមគ្នាដើម្បីភាពរីកចំរើន»។
ងាករេពីវិស័យសិល្បៈនិងភាពយន្ត នៅឆ្នាំ២០១៥ ឯកឧត្ដម ពេជ្រ ស្រស់ បានចូលរួមជាសមាជិកស្ថាបនិកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់ លោកម៉ម សូណង់ដូ រហូតដល់ឆ្នាំ២០១៦ ទើបឯកឧត្ដមសម្រេចចិត្តបង្កើតគណបក្សផ្ទាល់ខ្លួនតែម្ដង គឺគណបក្សយុវជនកម្ពុជា។ ក្រោយបង្កើតគណបក្សបានប្រមាណ២ឆ្នាំ ឯកឧត្ដម ពេជ្រ ស្រស់ ត្រូវបានព្រះមហាក្សត្រតែងតាំងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើនឹង «ទេសរដ្ឋមន្រ្តី»មកទល់នឹងបច្ចុប្បន្ន៕