ភ្នំភ្លើងធំជាងគេនៅលើលោកផ្ទុះជះកម្អែយ៉ាងខ្លាំងជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជិត៤០ឆ្នាំ
(សហរដ្ឋអាមេរិក)៖ ភ្នំភ្លើងដ៏ធំឈ្មោះ Mauna Loaដែលជាភ្នំភ្លើងធំជាងគេនៅក្នុងពិភពលោក បានផ្ទុះឡើងជាលើកដំបូងមិនធ្លាប់មានជិត៤០ឆ្នាំ ពោលតាំងពីឆ្នាំ១៩៨៤។ ភ្នំភ្លើងសកម្មនិងធំជាងគេមួយនេះ បានផ្ទុះមុនពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ នៅក្នុងកោះហាវ៉ៃសហរដ្ឋអាមេរិក ដោយបានបញ្ចេញកម្អែ និងផេះក្តៅ ដែលជាការបង្ហាញដ៏អស្ចារ្យនៃកំហឹងរបស់ធម្មជាតិតាមរយៈបន្ទុះភ្នំភ្លើង Mauna Loaនេះ។ បន្ទុះភ្នំភ្លើងបានបម្រែបម្រួលតាមការព្រមានជាបន្តបន្ទាប់ ដែលថាការផ្ទុះអាចកើតមាន ក្រោយការរញ្ជួយដីនាពេលថ្មីៗនេះនៅក្នុងតំបន់ រួមទាំងការរញ្ជួយដីដែលបានរាយការណ៍ថា មានជាច្រើនដងកាលពីថ្ងៃអាទិត្យ។ ការផ្ទុះនេះអាចត្រូវបានគេមើលឃើញពីចម្ងាយ ៧២ គីឡូម៉ែត្រនៅក្នុងទីក្រុង Kona ឆ្នេរខាងលិចនៃកោះហាវ៉ៃរបស់អាមេរិក។
លំហូរកម្អែភ្នំភ្លើងភាគច្រើន ត្រូវបានផ្ទុកនៅក្នុងកំពូលភ្នំ ប៉ុន្តែអ្នកស្រុកត្រូវបានជូនដំណឹងឱ្យប្រុងប្រយ័ត្ន ហើយត្រូវបានព្រមានជាមុន អំពី ហានិភ័យនៃការធ្លាក់កម្ទេចកម្ទីផេះផង់របស់វា។ សេវាភូគព្ភសាស្ត្រអាមេរិក (USGS) បាននិយាយថា ស្ថានភាពអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ កម្រិតប្រកាសអាសន្នរបស់ភ្នំភ្លើង ក៏ត្រូវបានដំឡើងទៅដល់កម្រិតនៃការព្រមាន ដែលជាការចាត់ថ្នាក់ខ្ពស់បំផុត។ USGS បាននិយាយថា ផ្អែកលើព្រឹត្តិការណ៍កន្លងមក ដំណាក់កាលដំបូងនៃការផ្ទុះ Mauna Loa អាចមានថាមពលខ្លាំង ហើយទីតាំងនិងការឈានទៅមុខនៃលំហូរនៃកម្អែភ្នំភ្លើង អាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ប្រសិនបើការផ្ទុះនេះ ហួសពីជញ្ជាំងនៃកំពូលភ្នំខាល់ឌឺរ៉ា( Caldera ) លំហូរកម្អែអាចរំកិលចុះជម្រាលយ៉ាងលឿន។ Calderaប្រៀបបានជាអាងស្តុកកម្អែភ្នំភ្លើង ដែលស្ថិតនៅលើកំពូលភ្នំភ្លើងនោះ។
យ៉ាងណា មន្ត្រីសង្គ្រោះបន្ទាន់បាននិយាយថា មិនមានការបញ្ជាឱ្យមានការជម្លៀសមនុស្សចេញទេ ហើយតំបន់ដែលមានប្រជាជនរស់នៅ ទំនងជាមិនរងផលប៉ះពាល់នៅដំណាក់កាលនេះនៅឡើយដែរ។ បើទោះជាបែបនេះក្តី ផ្លូវជាច្រើនក្នុងតំបន់ត្រូវបានបិទ ហើយជម្រកជម្លៀសចំនួនពីរ ត្រូវបានបើកទុកជាការប្រុងប្រយ័ត្នផងដែរ។
ភ្នំភ្លើងMauna Loa ដែលមានទីតាំងនៅខាងក្នុងឧទ្យានជាតិភ្នំភ្លើង Hawaii គ្របដណ្តប់ពាក់កណ្តាលនៃកោះធំរបស់រដ្ឋសហរដ្ឋអាមេរិក។ ភ្នំភ្លើងនេះឡើងដល់កម្ពស់៤,១៦៩ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ និងលាតសន្ធឹងលើផ្ទៃដីជាង ៥,១៧៩ គីឡូម៉ែត្រការ៉េ។ យោងតាម USGS Mauna Loa ដែលជាភ្នំភ្លើងសកម្មមួយក្នុងចំណោម៦ភ្នំភ្លើងនៅលើកោះហាវ៉ៃ បានផ្ទុះឡើងចំនួន ៣៣ ដងចាប់តាំងពីឆ្នាំ ១៨៤៣។ ការផ្ទុះលើកចុងក្រោយ ក្នុងឆ្នាំ ១៩៨៤ បានខ្ជាក់កម្អែភ្នំភ្លើងហូរ ក្នុងចម្ងាយ៧គីឡូម៉ែត្រពីទីក្រុងហ៊ីឡូ( Hilo) ជាទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់កោះនេះ៕