ធនាគារពិភពលោក៖ កូវីដ-១៩បានរុញរំកិលឱ្យអត្រាភាពក្រីក្រនៅកម្ពុជាកើនឡើងវិញក្រោយធ្លាក់ចុះអស់ប្រមាណ១ទសវត្សរ៍

របាយការណ៍ធនាគារពិភពលោកចេញផ្សាយ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា រយៈពេលមួយទសវត្សរ៍ រាប់ចាប់ពីឆ្នាំ​២០០៩ដល់ឆ្នាំ​២០១៩ អត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះស្ទើរពាក់កណ្តាល​ ប៉ុន្តែដោយសារតែវិបត្តិជំងឺ​កូវីដ-១៩ បាន​ធ្វើឱ្យអត្រា​ភាពក្រីក្រកើនឡើងវិញនាពេលថ្មីៗនេះ។

របាយការណ៍វាយតម្លៃភាពក្រីក្រដែលចេញផ្សាយដោយធនាគារពិភពលោកមាន​ចំណងជើងថា “ស្តារសេដ្ឋកិច្ច​កម្ពុជាឱ្យកាន់តែមានភាពបរិយាប័ន្ន និងភាពធន់ជាងមុន” (Toward A More Inclusive and Resilient Cambodia)បានឱ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ គិតមកដល់ឆ្នាំ​២០១៩-២០២០ អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិត​៣៣,៨ភាគរយ មកនៅត្រឹម១៧,៨ភាគរយ ដោយជួយឱ្យប្រជាជនកម្ពុជាជិត២លាននាក់បានរួចផុតពីបន្ទាត់ក្រីក្រ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២០មក អត្រាភាពក្រីក្របានកើនឡើង២,៨ភាគរយ ​ពោលគឺប្រជាជនប្រមាណ៤៦ម៉ឺននាក់បានធ្លាក់ទៅក្រោមបន្ទាត់ក្រីក្រវិញ។

ធនាគារពិភពលោកកត់សម្គាល់ថា ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៩ ជាអំឡុងពេលដែលកម្ពុជាមានកំណើនសេដ្ឋកិច្ច​ឥតឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូលយ៉ាងទូលំទូលាយ។ ជាពិសេសកម្ពុជាបានពង្រីកវិស័យសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ ដែលនាំឱ្យមានការកើនឡើងប្រាក់ឈ្នួល និងកម្រិតជីវភាពប្រជាពលរដ្ឋរស់នៅកាន់តែប្រសើរ។

របាយ​ការណ៍​របស់ធនាគារពិភពលោកដដែលបាន​រក​ឃើញ​ថា ការ​កើន​ឡើងនូវ​ប្រាក់​ចំណូល​មិនមែន​កសិកម្ម មានដូចជា នៅ​ក្នុង​វិស័យ​ទេសចរណ៍ កាត់ដេរ និង​សំណង់ មានចំណែកធំក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ កំណើនដែលនាំមុខដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជារចនាសម្ព័ន្ធឆ្ពោះទៅរកវិស័យមានផលិតភាពកាន់តែខ្ពស់​ ជួយបង្កើត​ការងារដែលមានប្រាក់ខែកាន់តែប្រសើរនៅ​ក្នុង​ផ្នែកផលិតកម្មនិងផ្នែកសេវាកម្ម។ ចំណែកឯកម្មករមានលទ្ធភាពផ្លាស់មុខរបរពីវិស័យកសិកម្មដែលមានប្រាក់កម្រៃទាប ទៅធ្វើការ​នៅតាមវិស័យដែលមានប្រាក់កម្រៃខ្ពស់ជាង និងជួយបង្កើនប្រាក់ចំណូលរបស់កម្មករ។

លក្ខខណ្ឌជីវភាពនិងលទ្ធភាពទទួលបានសេវាមូលដ្ឋាន មានដូចជា អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ សុខភាព និងការអប់រំជាដើម ក៏មានភាព​ប្រសើរឡើងមួយភាគធំនៅក្នុងចំណោម​ប្រជាជនសរុប។ ប្រការនេះបានកាត់បន្ថយ​គម្លាតជីវភាពរវាងប្រជាពលរដ្ឋជនបទ និងប្រជាពលរដ្ឋនៅ​ទីប្រជុំជនឱ្យរួមតូចជាងមុន។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជាបានឱ្យដឹងថា កិច្ចខិតខំជំរុញឱ្យមានការផ្លាស់ប្តូរជារចនាសម្ព័ន្ធ​បាន​ជួយកាត់បន្ថយភាពក្រីក្រក្នុងរយៈពេល​កន្លងមក។ ប៉ុន្តែ ទន្ទឹមនឹងជោគជ័យគួរឱ្យកត់សម្គាល់នេះ គ្រួសារជាច្រើនស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនៅឡើយ ដោយសារពួកគេមិនសូវមានប្រាក់សន្សំ ឬ​ការគាំពារសង្គម។ លោកស្រីសង្កត់ធ្ងន់ថា ជំងឺកូវីដ-១៩ បាន​បន្ទុចបង្អាក់ដល់ការប្រយុទ្ធនឹងភាពក្រីក្រ ហើយធ្វើ​ឱ្យ​ប្រជា​ជន​ជា​ច្រើន​បាត់​បង់​ការ​ងារ​និង​ប្រាក់​កម្រៃ។

របាយការណ៍វាយតម្លៃភាពក្រីក្រដដែលនេះ បានផ្ដល់ជាអនុសាសន៍ឱ្យ រដ្ឋាភិបាលកម្ពុជាគួរពិចារណាលើអន្តរាគមន៍ផ្នែក​គោលនយោបាយមួយចំនួន ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច​ឡើងវិញប្រកបដោយបរិយាប័ន្ននិងភាពធន់ជាងមុនពីការប៉ះទង្គិចរបស់ជំងឺរាតត្បាត ​និងវិបត្តិសេដ្ឋកិច្ច។ ការអន្តរាគមន៍ទាំងនោះ រួមមានដូចជា ការឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ពង្រឹងកិច្ចគាំពារសង្គម និងការគាំទ្រលើវិស័យសុខាភិបាល និងការអប់រំជាដើម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds