កត្តា​សំខាន់​៤​ គ្រូ​កម្ពុជា​​មិន​យក​ក្រុមធំប្រកួតស្អែក​

ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ម៉ោង 01:48 PM

(ដោយ៖ យឺន សីហា)

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ជម្រើស​ជាតិ​បង់ក្លាដេស​​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់​ដុំ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​​ថ្ងៃ​សៅរ៍​ ទី​៩​ ខែ​មីនា​ ឆ្នាំ​២០១៩​នៅ​ពហុកីឡដ្ឋាន​ជាតិ​ រាជ​ធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។

 

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​គឺ​ជា​ការ​ប្រកួត​ក្រុម​ជម្រើស​ជាតិ​ក្រុម​ធំ​ពោល​គឺ​មិន​មែន​យុវជន​ឡើយ ប៉ុន្តែ​គ្រូ​បង្វឹក​កម្ពុជា​​ជ្រើស​រើស​សុទ្ធ​តែ​កីឡាករ​យុវជន​អាយុ​២២​ឆ្នាំ។ ក្នុង​សន្និសីទ​សារព័ត៌មាន​លោក​ Felix គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បាន​លើក​ឡើង​​កត្តា​សំខាន់​៣​ដែល​លោក​ជ្រើស​រើស​យក​យុវជន​សុទ្ធ។

  • ទី​១៖ ហេតុ​អ្វី​បាន​ជា​ខ្សែ​ប្រយុទ្ធ​យុវជន​សម្រេច​ទី​មិន​សូវ​បាន​ល្អ? ​បើ​និយាយ​ពី​ខ្សែ​ប្រយុទ្ធ​ក្រុម​ធំ​​ដូច​ជា​ ចាន់ វឌ្ឍនាកា កែវ សុខផេង​ ជា​ដើម​ ពួក​គាត់​មាន​បទ​ពិសោធ​ច្រើន​ ដូច្នេះ​ពួក​គាត់​មាន​ស្មារតី​​ធម្មតា​នៅ​ពេល​មាន​ឱកាស​នៅ​តំបន់​ប្រយុទ្ធ​ពោល​គឺ​គ្មាន​សម្ពាធ​ផ្លូវ​ចិត្ត​ ​ហើយ​អាច​សម្រេច​ទី​បាន​ល្អ។ លោក​បន្ត​ថា ៖«​យើង​​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​​​ដែល​មាន​បទ​ពិសោធ​ច្រើន​ទៀត​ ​ដូច្នេះ​យើង​មាន​តែ​ផ្តល់​ឱកាស​ឲ្យ​យុវជន​ដើម្បី​ឲ្យ​ពួក​គាត់​មាន​បទ​ពិសោធ​កាន់​តែ​ច្រើន​​ក្នុង​ការ​ប្រកួត​ធំ​ៗ។ ពួក​គាត់​នឹង​មាន​ស្មារតី​ល្អ​ រឹង​មាំ​ និង​មិន​មាន​សម្ពាធ​ផ្លូវ​ចិត្ត​​។ ថ្ងៃ​ក្រោយ​ពួក​គាត់​ក៏​នឹង​សម្រេច​ទី​បាន​ល្អ​ដែរ»។

  • ទី​២៖ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ស្អែក​នេះ​មិន​មែន​ជា​​ការ​ប្រកួត​ចំ​ថ្ងៃ​ FIFA Day​ ទេ ដូច្នេះ​ពិបាក​ក្នុង​ការ​​​កោះ​ហៅ​កីឡាករ​ក្រៅ​ប្រទេស​ចូល​រួម​បាន​ទេ។
  • ទី​៣៖ តួនាទី​របស់​ក្រុម​គ្រូ​បង្វឹក​​គឺ​មក​កម្ពុជា​ដើម្បី​ជួយ​​បាល់ទាត់​កម្ពុជា​​​ឲ្យ​រីករាយ​ដោយ​មិន​មែន​ផ្តោត​លើ​តែ​កីឡាករ​​សំខាន់​ៗ​ក្រុម​ធំ​ស្រាប់​​នោះ​ទេ​ ប៉ុន្តែ​ផ្តល់​ឱកាស​ឲ្យ​យុវជន​អភិវឌ្ឍ​ខ្លួន។ លោក​សង្ឃឹម​ថា​ អ្នក​គាំទ្រ​កម្ពុជា​នឹង​មើល​ឃើញ​​ពី​ការ​ខិត​ខំ​ប្រឹង​​ប្រែង​ និង​គោល​ដៅ​សំខាន់​របស់​ក្រុម​គ្រូ​បង្វឹក។
  • ទី​៤៖ កត្តា​សំខាន់​មួយ​ទៀត​គឺ​​ការ​ប្រកួត​នេះ​ក៏​ជា​ផ្នែក​មួយ​សម្រាប់​ U-23 ​កម្ពុជា​​ដែល​ត្រូវ​លេង​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់​ 2020 AFC U-23 Championship នៅ​ទឹក​ដី​កម្ពុជា​​ ហើយ​មាន​ក្រុម​ខ្លាំង​ដូច​ជា​ កូរ៉េ​ខាង​ត្បូង​ និង​អូស្ត្រាលី​​ជា​ដើម។

ថ្ងៃ​ស្អែក​ជា​ការ​ដក​ស្រង​បច្ចេកទេស​ដ៏​សំខាន់​មួយ​ទៀត​ដែល​ក្រុម​កម្ពុជា​ត្រូវ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព។ លោក​ចង់​ឃើញ​ប្រជា​ជន​កម្ពុជា​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​ និង​ទទួល​បាន​ភាព​រំភើប​រីករាយ៕

ប្រភព៖ Sabay

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds