សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់បង្ក្រាបករណីចោរកម្មជូនប្រជាពលរដ្ឋ

(រាជធានីភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ  បានណែនាំក្រើនរំលឹកដល់អាជ្ញាធរ ដែលជាសមាជិកគណបក្សទាំងអស់ដែលមានតួនាទីនៅរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

លោកនាយករដ្ឋមន្រ្តីជំរុញឱ្យអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។

ជាមួយគ្នា ប្រមុខរាជរដ្ឋាភិបាលណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់ឱ្យអស់ភាពអសកម្ម។

មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តីបានជំរុញឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាពផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ជាពិសេស លោកណែនាំឱ្យអាជ្ញាធររួមគ្នាបន្តការទប់ស្កាត់ជម្ងឺកូវីដ-១៩ និងជំងឺរាតត្បាតផ្សេងៗ ក៏ដូចជាត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាលក់ដូររបស់ប្រជាជនដែលកើតមានឡើងនៅតាមផ្សារ បញ្ហាចរាចរណ៍ បញ្ហាទឹកនិងភ្លើងជាដើម។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការខិតខំដោះស្រាយបញ្ហាជម្លោះរវាង កម្មករនិយោជិតជាមួយរោងចក្រ ឬបុគ្គលិកក្រុមហ៊ុនជាមួយក្រុមហ៊ុន និងលើកទឹកចិត្តឱ្យអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។

គួរជម្រាបថា ករណីចោរកម្ម លួច ឆក់ ប្លន់ និងករណីជួយដូរគ្រឿងញៀននៅតែបន្តកើតមាន ទោះបីអាជ្ញាធរថ្នាក់ក្រោមជាតិតាមបណ្តារាជធានី-ខេត្តបានព្យាយាមចុះបង្រ្កាបជាបន្តបន្ទាប់ក៏ដោយ។ បញ្ហាអសន្តិសុខទាំងនេះត្រូវបានគេចោទថា កើតមកពីការរីកដុះដាលទីតាំងលេងល្បែងស៊ីសងច្រើន។ យ៉ាងណាមិញ កាលពីចុងខែកញ្ញា ឆ្នាំ២០២២កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ជាឱ្យសមត្ថកិច្ចចេញប្រតិបត្តិការទ្រង់ទ្រាយធំដើម្បីបង្ក្រាបកន្លែងលេងល្បែងស៊ីសងនៅទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds