រាជរដ្ឋាភិបាលកំពុងរៀបចំបង្កើតច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំតាក់តែងច្បាប់ចរាចរណ៍គោកថ្មីសម្ដេចក្រឡាហោម បន្ទាប់ពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឆ្លងកាត់ដំណាក់កាលនៃការអនុវត្តជាបន្តបន្ទាប់ទៅតាមបរិបទនៃការប្រែប្រួលខាងសេដ្ឋកិច្ច និងសង្គម ព្រមទាំងបានឆ្លងកាត់ការធ្វើវិសោធនកម្មជាច្រើនលើក។ នេះបើតាមការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ពិនិត្យឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេចរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកត់សម្គាល់ថា ដោយសារការសិក្សាបានរកឃើញថាច្បាប់ចរាចរណ៍ផ្លូវគោកដែលកំពុងអនុវត្តជាធរមាននេះ គឺមានមាត្រាត្រូវធ្វើវិសោធនកម្មច្រើន ហើយលោកបានស្នើទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី។

សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

សេចក្ដីព្រាងច្បាប់ថ្មីនេះ រៀបចំ និងអនុវត្តដោយក្រុមការងារអន្តរក្រសួង ដែលបានរៀបចំកិច្ចប្រជុំជាច្រើនលើកច្រើនសារ ដើម្បីប្រមូលមតិយោល់ និងធាតុចូលសំខាន់ៗ រហូតឈានទៅសម្រេចបានសេចក្ដីព្រាងច្បាប់ក្នុងកម្រិតបឋម នៃដំណើរការបង្កើតច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ។

ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងារតាក់តែងច្បាប់ បានរាយការណ៍ប្រាប់លោកស ខេង ថា ក្នុងចំណោមខ្លឹមសារសំខាន់ៗនៃសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ ក៏ចែងអំពីការកំណត់ប្រភេទបទល្មើសចរាចរណ៍ច្បាស់លាស់ ដើម្បីឱ្យការអនុវត្តវត្តច្បាប់មានភាពប្រសើរឡើងដែរ។ ឯកឧត្ដមបន្ថែមថា ក្រុមការងារតាក់តែងច្បាប់ បានបើកកិច្ចប្រជុំចំនួន២២លើក រហូតឈានទៅបង្កើតបាននូវសេចក្ដីព្រាងច្បាប់ថ្មីនាពេលនេះ។

យ៉ាងណាមិញ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តផ្លាស់ប្ដូរមតិយោបល់គ្នាលើខ្លឹមសារនីមួយៗនៃសេចក្ដីព្រាងច្បាប់នេះ ជាពិសេសខ្លឹមសារដែលត្រូវបានកែសម្រួលខុសពីមាត្រាចំនួន៤៨នៃច្បាប់ ដែលកំពុងនៅជាធរមាននៅឡើយ។

សូមបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកចាស់ ឬច្បាប់ចរាចរណ៍ផ្លូវគោកដែលកំពុងអនុវត្តជាធរមាន ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧ ដោយច្បាប់នេះមានទាំងអស់១២ជំពូក និងចែកចេញជា៩៥មាត្រា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds