ដំណឹងល្អ! យូធូបបើកឱ្យអ្នកបង្កើតមាតិកានៅកម្ពុជាអាចរកលុយវិញ ខណៈក្រសួងអំពាវនាវឱ្យមានការប្រកួតប្រជែងផលិតវីដេអូ
(ភ្នំពេញ)៖ សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍នៅថ្ងៃទី២៤វិច្ឆិកា បានបញ្ជាក់ថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២តទៅ ក្រុមហ៊ុនYouTube បានដាក់ឱ្យដំណើរការផ្លូវការ«កម្មវិធីភាពជាដៃគូ»នៅកម្ពុជាហើយ ដោយនឹងអនុញ្ញាតឱ្យអ្នកផលិតមាតិការអាចរកថវិកាបាន ព្រមទាំងទទួលបានឱកាសចូលទៅប្រើប្រាស់មុខងារសំខាន់ៗ និងធនធានជាច្រើនទៀតរបស់ YouTube ផងដែរ។
ប្រភពដដែលបានបញ្ជាក់ថា ក្រសួងនឹងបន្តសហការជាមួយនឹងក្រុមហ៊ុនYouTube និងក្រុមហ៊ុននានាដែលមានថ្នាលវីដេអូនៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលដល់អ្នកផលិតមាតិការដូចដែលបានធ្វើកន្លងមក សំដៅលើការពង្រឹងសមត្ថភាពក្នុងការផលិតមាតិកាល្អៗ ដោយគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគំនិតច្នៃប្រឌិត ផ្តល់អត្ថប្រយោជន៍ដល់សាធារណជនដូចជាការអប់រំ ការកំសាន្ត បច្ចេកទេសឌីជីថល ធុរកិច្ច និងនវានុវត្តន៍ជាដើម។ ក្រសួងចាត់ទុកថា ការផលិតមាតិកាដូចដែលបានរៀបរាប់ខាងលើនេះ បានជំរុញដល់បរិវត្តកម្មសេដ្ឋកិច្ចឌីជីថងនៅកម្ពុជា។
ការអំពាវនាវរបស់ក្រសួងប្រៃសណីយ៍ខាងលើនេះ ក្រោយពីក្រសួងបានទាក់ទង និងសហការជាមួយតំណាង YouTube ដើម្បីស្វែករកដំណោះស្រាយលើបញ្ហានេះ បន្ទាប់ពីក្រុមហ៊ុនបានបិទសេវារកចំណូល (Monetization) ហើយជាលទ្ធផលត្រូវបានក្រុមហ៊ុនសម្រេចឱ្យអ្នកផលិតមាតិកានៅកម្ពុជាអាចរកចំណូលបានវិញចាប់ពីខែវិច្ឆិកានេះតទៅ។
សូមបញ្ជាក់ជូនថា ការផលិតមាតិកាវីដេអូនៅកម្ពុជាត្រូវបានក្រុមហ៊ុនYouTube បិទលែងឱ្យរកចំណូលតាមរយៈការបិទមិនឱ្យមានពាណិជ្ជកម្មនៅលើវីដេអូនៅអំឡុងឆ្នាំ២០២១កន្លងទៅ។ ក្រោយមកអ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកលីវ សុផាណារិទ្ធិ ក៏ធ្លាប់បានអញ្ជើញអ្នករកប្រាក់ចំណូលពី Youtube មកជួបពិភាក្សាគ្នា ដើម្បីស្វែងរកពីដំណោះស្រាយ និងត្រៀមខ្លួនក្នុងការទទួលយកគោលការណ៍ថ្មីពីក្រុមហ៊ុន Youtube ដើម្បីអាចរកចំណូលតាមរយៈការផលិតមាតិកាវីដេអូនេះឡើងវិញដែរ៕