ជំងឺទឹកនោមផ្អែមកំពុងក្លាយជាក្ដីបារម្ភដែលនឹងគំរាមកំហែងដល់សុខភាពនិងសេដ្ឋកិច្ចកម្ពុជា

ទោះបីជាជំងឺទឹកនោមផ្អែមមិនមែនជាប្រភេទជំងឺឆ្លង ប៉ុន្តែជំងឺនេះកំពុងក្លាយជាជំងឺដ៏គួរឱ្យព្រួយបារម្ភដែលកំពុងកើតមានលើអ្នកខ្លួនជំងឺភាគច្រើនដែលចូលចិត្តទទួលទានអាហារមានរសជាតិផ្អែមខ្លាំង ប្រៃខ្លាំង និងមានជាតិខ្លាញ់ខ្លាំង។ ជាមួយគ្នា អ្នកជំនាញផ្នែកសុខភាពសាធារណៈ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងស្របពេលដែលអ្នកកើតជំងឺទឹកនោមផ្អែមមានការកើនឡើង។

ស្ថានភាព​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ប្រទេស​កម្ពុជា ​ក៏ដូចជា​ពិភពលោកកំពុងក្លាយជាក្ដីបារម្ភ ​ដោយ​សារ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ នៅ​មិន​ទាន់​បាន​យល់ដឹង​ពី​របប​អាហារ​ត្រឹមត្រូវ ​និង​មិនចាប់​អារម្មណ៍​អំពី​គ្រោះ​ថា្នក់​នៃ​ជំងឺ​នេះ ​ស្របពេលដែលពិភពលោក​កំពុង​រួមគ្នា​ប្រារព្ធ​ទិវា​ជំងឺ​ទឹកនោម​ផ្អែម​ពិភពលោក​១៤វិច្ឆិកា។

ទាក់ទង​នឹង​បញ្ហា​ជំងឺ​ទឹកនោម​ផ្អែម​នេះ ​លោកជំទាវ ​ឱ ​វណ្ណឌីន​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាលតាមរយៈអត្ថបទផ្លូវការមួយ កាលពីថ្ងៃ១៤ ខែវិច្ឆិកា ​បាន​បង្ហាញ​ពី​ក្តីបារម្ភ​ដោយលើកឡើងថា បញ្ហា​ជំងឺ​មិនឆ្លងដូចជាជំងឺ​ទឹកនោម​ផ្អែម ​មិន​ត្រឹមតែ​ធ្វើឱ្យ​ជួប​ផល​វិបាក​សុខភាព​ប៉ុណ្ណោះ​ទេ ​បញ្ហា​នេះ​ក៏​កំពុង​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​និរន្តរភាព​សេដ្ឋកិច្ច​កម្ពុជា​ថែមទៀត។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល

លោកស្រីអ្នកនាំពាក្យ​បានអំពាវនាវ​​ដល់ប្រជា​ពលរដ្ឋ​​ទាំងអស់ត្រូវ​យកចិត្ត​ទុកដាក់​លើ​សុខភាព​ផ្ទាល់ខ្លួន ​ពិសេស​លើ​របប​អាហារ​ប្រចាំថ្ងៃ​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ដែល​បង្កឱ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម ​និង​ជំងឺ​មិន​ឆ្លង​ផ្សេងៗ​ទៀត។​ លោកស្រីថា ​ប្រជាពលរដ្ឋ​​គួរ​ប្រកាន់យក​ទម្លាប់​ពិសា​អា​ហារ​ល្អ ​ដោយ​កុំពិសា​រប្រៃ​ពេក ​ផ្អែមពេក ​ខ្លាញ់​ពេក ​ហើយត្រូវ​ធ្វើលំហាត់​ប្រាណជាប្រចាំ ​ដែលជា​មធ្យោ​បាយ​ដ៏​ល្អសម្រាប់​ការចូល​រួម​បង្ការកាត់កើត​ជំងឺ​ទឹកនោម​ផ្អែម ​ជំងឺ​លើស​សម្ពាធឈាម ​និង​ជំងឺ​មិនឆ្លង​ផ្សេងៗ​ទៀត​ជាដើម។

អ្នកជំនាញសុខភាពសាធារណៈ លោកវេជ្ជបណ្ឌិតគួច ម៉េងលី បញ្ជាក់ថា ជំងឺនោមផ្អែមបែកចែកជាបីប្រភេទ ហើយនៅកម្ពុជាមានអ្នកកើតជំងឺទឹកនោមផ្អែមទាំងបីប្រភេទនេះច្រើន។ កើតច្រើនដោយហេតុថា ប្រជាពលរដ្ឋខ្មែរភាគច្រើនទទួលទានខុសរបបអាហារត្រឹមត្រូវ និងមិនសូវចូលចិត្តហាត់ប្រាណ ក៏ដូចជាចូលចិត្តពិសារគ្រឿងស្រវឹងផងដែរ។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញសុខភាពសាធារណៈ

មិនខុសគ្នាពីលោកស្រីឱ វណ្ណឌីនទេ លោកវេជ្ជបណ្ឌិតគួច ម៉េងលី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យពិសារអាហារមានរសជាតិផ្អែមពេក ឬប្រៃពេក ឬមានជាតិខ្លាញ់ច្រើនខ្លាំងពេកឡើយ ទើបអាចចៀសផុសពីជំងឹទឹកនោមផ្អែម។ ជាពិសេសលោកអ្នកជំនាញផ្នែកសុខភាពសាធារណៈរូបនេះ ស្នើដល់គ្រូពេទ្យជំនាញព្យាបាលទឹកនោមផ្អែមទាំងអស់ឱ្យគួរគោរពវិជ្ជាជីវៈក្នុងការព្យាបាលអ្នកជំងឺទឹកនោមផ្អែម ដោយមិនត្រូវព្យាបាលអូសបន្លាយ ឬចិញ្ចឹមជំងឺ ដើម្បីតែចង់បានប្រាក់ពីអ្នកជំងឺនោះឡើយ។

របាយការណ៍​សង្ខេប​ស្ដីពី​សមិទ្ធផល​សំខាន់​ៗ​របស់​រដ្ឋាភិបាល​កម្ពុជា គិត​ត្រឹ​ម​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​ ចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១បង្ហាញថា កម្ពុជាបាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​ទឹកនោម​ផ្អែម​នៅ​ទូទាំង​ប្រទេស​ជាង​៩​ម៉ឺន​នាក់​ ​និងអ្នក​ស្លាប់​ដោយសារជំងឺនេះជិត​៧​០​នាក់។ មិនតែប៉ុណ្ណោះ បើយោងតាម​ការវាយតម្លៃ​របស់សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​អន្តរជាតិបង្ហាញថា  ​គិត​ត្រឹម​ថ្ងៃទី​២២ ​ខែមិថុនា ​ឆ្នាំ​២០២២ ​អត្រា​ស្លាប់​នៃ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែមនៅកម្ពុជា​បាន​កើន​ដល់​៨,៣២៥នាក់ ​ខណៈ​អត្រា​អ្នក​កើត​ជំងឺ​នេះ​បាន​កើន​ដល់​ជិត​៥០ម៉ឺន​នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds