រកឃើញអ្នកកើតកូវីដ៤នាក់ទៀត ខណៈមានអ្នកជាសះស្បើយ៤នាក់
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងក្នុងសហគមន៍ចំនួន៤នាក់ទៀត តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ ជាមួយគ្នា អ្នកជំងឺកូវីដ-១៩ចំនួន៤នាក់បានជាសះស្បើយឡើងវិញ ខណៈពុំមានអ្នកជំងឺស្លាប់ថ្មីបន្ថែមឡើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៣វិច្ឆិកានេះ។
គិតរហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ សរុបកើនដល់១៣៨,០៣៩នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីក្រៅប្រទេសសរុបចំនួន២១,២៣៥នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុងក្នុងសហគមន៍សរុបចំនួន១៦,២២០នាក់។ ដោយឡែក អ្នកជំងឺដែលជាសះស្បើយសរុបមានចំនួន១៣៤,៩៥១នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបមានចំនួន៣,០៥៦នាក់៕