មន្រ្តីសុខាភិបាលទទូចឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺកូវីដអំឡុងបុណ្យគ្រីស្ទម៉ាស់និងចូលឆ្នាំសកល
(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្ត និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ក្នុងអំឡុងពេលបុណ្យគ្រីស្ទម៉ាស់ និងពេលឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមសេចក្ដីក្រើនរម្លឹកពីការការពារការចម្លងជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
លោកជំទាវអ្នកនាំពាក្យរូបនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការសុខាភិបាល៣ការពារឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងបន្តទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ដូស ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណៈ និងបន្តការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។
គួរជម្រាបថា ទោះបីករណីឆ្លងបានថមថយគួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែកម្ពុជានៅតែបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅឡើយទេ។ ជាក់ស្ដែង គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១៣៨,០៣៥នាក់ ក្នុងនោះនាំចូលពីក្រៅប្រទេសចំនួន២១,២៣៥នាក់។ ចំណែកអ្នកជំងឺដែលជាសះស្បើយឡើងវិញសរុបមានចំនួន១៣៤,៩៤៧នាក់ និងស្លាប់សរុបចំនួន៣,០៥៦នាក់។ រីឯករណីឆ្លងវីរុសអូមីក្រុងនៅក្នុងសហគមន៍វិញ កើនឡើងដល់១៦,២១៦នាក់៕