ភ្លៀងមួយមេ ខ្យល់បក់រលំផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម លើផ្លូវជាតិលេខ៥ សង្កត់អ្នកដំណើរ
(ភ្នំពេញ)៖ ភ្លៀងលាយឡំជាមួយខ្យល់កន្ដ្រាក់មួយប្រាវ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ បណ្ដាលឲ្យបាក់រលំផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មមួយផ្ទាំងកាត់ទទឹងផ្លូវជាតិ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
យ៉ាងណាក៏ដោយ បន្ទាប់ពីកើតហេតុភ្លាមៗ អាជ្ញាធរ និងប្រជាការពារខណ្ឌឫស្សីកែវ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ បាននិងកំពុងដុតដៃដុតជើង ដោះស្រាយសម្រួលចរាចរ និងវិធីដើម្បីលើកផ្លាកប៉ាណូនោះចេញ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្រសួងធនធានទឹកបានបញ្ជាក់ថា បន្ទាប់ពីការតាមដានលើការវិវត្តអាកាសធាតុជាប្រចាំបង្ហាញឲ្យឃើញថា កម្ពុជានៅតែបន្តស្ថិតក្នុងដំណាក់កាលអន្តរកាល ឆ្លងពីរដូវប្រាំងចូលរដូវវស្សា។ ជ្រលងសម្ពាធទាបបានអូសបន្លាយលើកម្ពុជា ទន្ទឹមនឹងចលនាខ្យល់បានប្តូរទិសមករកភាពវិជ្ជមាន៕