«ប្រវត្តិភ្នំនាងកង្រី»

+ទីតាំងភូមិសាស្រ្ត

ភ្នំនាងកង្រី មានទីតាំងស្ថិតនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងមានចម្ងាយប្រហែល ១៨​គីឡូ​ម៉ែត្រ ពីវិមានឯករាជ្យ ខេត្តកំពង់ឆ្នាំង។

+.ប្រវត្តិភ្នំនាងកង្រី

ប្រវត្តិទាក់ទងទៅនឹងភ្នំនាងកង្រីមានសេចក្តីតំណាលដូចតទៅ៖កាលពីព្រេងនាយ មានសេដ្ឋីម្នាក់ នៅ​នគរ​មួយ ជាមនុស្សឥតកូន បាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃមួយ។ ក្រោយពីបន់មកប្រពន្ធក៏​មានកូន១២នាក់សុទ្ធតែស្រី។ លុះបានកូនហើយ សេដ្ឋីក៏ធ្លាក់ខ្លួនជាអ្នកទ័លក្ររកអាហារចិញ្ចឹមគ្មាន ក៏បររទេះដឹកកូនទាំង១២ ទៅប្រោសចោលក្នុងព្រៃជ្រៅ ហើយប្រាប់ថា«ពួកកូនៗ​នៅចាំពុកម៉ែ​នៅ​កន្លែ​ង​នេះហើយ ពុកម៉ែមានការទៅទីនោះមួយភ្លែត បន្តិចទៀតនឹងមករកកូនវិញ» ដោយ​បានទុកបង្វិច​បាយ​មួយ​​ឱ្យពួកគេផងដែរ

នាងទាំង១២នាក់ ដោយចាំពុកម៉ែយូរថ្ងៃពេកមិនឃើញពុកម៉ែមករកពួកគេ ហើយបាយម្ហូបក៏អស់ទៀត ទើប​ពួកនាងសម្រេចចិត្តនាំគ្នាដើរបន្តទៅមុខ ដើម្បីរកពុកម៉ែរបស់ពួកគេ រហូតដល់បាន​ជួបជា​មួយ​យក្ស​សន្ទមា ដែលកំពុងដើររកអាហារ។ យក្សសន្ទមា ក្រោយពីបានឃើញពួកនាងទាំង ១២ហើយ ក៏ក្រឡា​ខ្លួន​ជា​យាយចាស់ម្នាក់ ហើយដើរសំដៅមករកពួកនាង និងសួរនាំរួចក៏បាននាំពួកនាងមករស់នៅ​ក្នុង​ល្អាង​​មួយ​នៅកណ្តាលព្រៃ។

នាងទាំង១២ រស់នៅក្នុងល្អាងអស់ពេលច្រើនឆ្នាំ រហូតដល់ថ្ងៃមួយពួកនាងនាំគ្នាគិតថា«ហេតុអី្វលោក​យាយ​យកពួកនាងមករស់ នៅក្នុងល្អាងនេះ តែលោកយាយមិនដែ​លមកនៅជាមួយ​ពួកនាង​សោះ​អញ្ចឹង។ គ្រាន់តែមកអើតពួកនាងមួយភ្លែតៗហើយក៏ត្រឡប់ទៅវិញបាត់។»

និយាយរួចនាងពៅក៏យកទឹកបាយក្តៅទៅចាក់ចូលក្នុងរន្ធកណ្តុរស។ ចាក់រួចក៏មានសត្វកណ្តុរសរមួយ​ក្បាល រត់ចេញមកហើយក្រឡាខ្លួនជាមនុស្ស និងបានសួរទៅនាងទាំង១២ថា«តើពួកនាងមកធ្វើ​អីនៅ​ទីនេះ? ទីនេះគ្មានសុវត្ថិភាពសម្រាប់ពួកនាងទេ។ ពួកនាងឆាប់នាំគ្នាចេញពីទីនេះទៅ។»

និយាយរួចនាងពៅក៏តបទៅកណ្តុលសរវិញថា គឺ«លោកយាយជាអ្នកយក​ពួកខ្ញុំឱ្យ​មករស់​នៅទី​នេះ​ជា​យូរ​ឆ្នាំមក ហើយពួកខ្ញុំនៅទីនេះ មិនដែលមានគ្រោះថ្នាក់អីទេ។» កណ្តុរសក៏តបពួកនាងវិញថា «លោក​យាយដែលនាងនិយាយនោះ គឺជាយក្សសន្ទមាទេ នាងយក្សយកពួកនាងមកចិញ្ចឹម​ព្រោះវាត្រូវ​ការ​ផឹកឈាមក្រមុំព្រហ្មចារីយ៍១២នាក់ ដើម្បីបានជីវិតអមតៈ។»

ដឹងរឿងហើយពួកនាងភ័យខ្លាំងណាស់ ក៏នាំគ្នារត់រហូតបានជួបស្តេចមួយអង្គព្រះនាម«ព្រះបាទ​ព្រហ្ម​ទត្ត» គ្រងរាជនៅនគរពារានសី។ ក្រោយពីបានជួបនាងទាំង ១២ហើយ ព្រះបាទព្រហ្មទត្ត​សព្វ​ព្រះ​ទ័យ​ខ្លាំងណាស់ ក៏បាននាំពួកនាងមកនគរ ហើយតែងតាំងពួកនាងជាមហេសីទាំង ១២នាក់​ទៀត​ផង។

បន្ទាប់ពីនាងទាំង ១២រស់នៅជាមួយព្រះបាទព្រហ្មទត្តបានមួយរយៈ ស្រាប់តែយក្សសន្ទមាបានដឹង ហើយបានតាមរកពួកនាងឃើញ និងបានប្រើមន្តសន្តំ (មន្តស្នេហ៍) លើព្រះបាទព្រហ្មទត្ត​ហើយចោទ​នាង​​ទាំង ១២ថាជាយក្ស និងបានបញ្ជាឱ្យយកនាងទាំង១២ ទៅឃុំឃាំងខ្លួននៅក្នុងល្អាងភ្នំ។ បន្ទាប់មក យក្សសន្ទមាក៏បានចូលទៅក្នុងល្អាង ហើយបានខ្វេះភ្នែកនាងទាំង១២ គឺខ្វេះភ្នែកទាំងសងខាង លើក​លែង​​តែនាងទី១២ ដែលជាកូនពៅ ខ្វេះតែម្ខាងប៉ុណ្ណោះ។

ជាច្រើនខែកន្លងមក ពួកនាងក៏សម្រាលបុត្រតំណាលៗគ្នា តែកូនរបស់ពួកនាង ១១​នាក់កើត​មកស្លាប់​ទាំង​អស់ លើកលែងតែកូនរបស់នាងទី១២កើតមកមិនស្លាប់ ហើយម្តាយបានដាក់ឈ្មោះថា«រិទ្ធិសែន»​។ ពេលដែលរិទ្ធិសែនកើតមក មានទេវតាតាមថែរក្សាជានិច្ច។

រហូតដល់ធំពេញវ័យរិទ្ធសែនតែងតែសួរម្តាយរកឪពុកខ្លួន។ ម្តាយរិទ្ធសែនបានប្រាប់រឿងរ៉ាវដល់កូន​ទាំង​អស់ ហើយបានឱ្យកូនរកកន្លែងរៀនសូត្រ។ រិទ្ធសែន ក៏ត្រូវបានលោកមេទ័ពដឹងថា ជាកូនរបស់នាង​ទី១២ ក៏បានយកទៅឱ្យរៀនអក្សរនិងមន្តវិជ្ជាការ។ ពេលរិទ្ធសែនធំពេញវ័យ ព្រះបាទព្រហ្មទត្ត បាន​ប្រកាស​រកអ្នកក្លាហានមកធ្វើជាមេទ័ព ពេលនោះរិទ្ធសែនបានចូលប្រឡងជាប់ ហើយត្រូវបានតែង​តាំងជា​មេទ័ពផងដែរ។

ពេលនាងយក្សសន្ទមាដឹងរឿងរបស់ រិទ្ធសែនហើយ មិនបង្អង់យូរ យក្សសន្ទមាក៏​ប្រើល្បិចឱ្យ​រិទ្ធសែននាំ​យក​សាររបស់ខ្លួនទៅនគរ សន្ធប់បុរាជ ទៅប្រគល់ឱ្យព្រះនាងកង្រី ដែលជារាជនីនៅនគរនោះ។ ព្រះ​នាង​​​កង្រីជាបុត្រីចិញ្ចឹមរបស់នាងយក្សសន្ទមា ដែលព្រះគ្រូរបស់យក្សសន្ទមា រើសបាននៅលើផ្កាឈូក ហើយបានផ្ញើឱ្យ​យក្សសន្ទមាចិញ្ចឹមស្រលាញ់ឱ្យដូចកូនបង្កើត។

បន្ទាប់ពីបានទទួលសារពីយក្សសន្ទមាហើយ រិទ្ធិសែនមិនបង្អង់យូរ ក៏ចេញដំណើរភ្លាម។ ពេលធ្វើដំ​ណើរ​​​បានពាក់កណ្តាលផ្លូវ រិទ្ធសែនក៏ឈប់សម្រាក។ ពេលរិទ្ធសែនកំពុងដេកលង់លក់ ទេវតាដែល​តាមថែរក្សា​រិទ្ធសែន បានមកបើកសាររបស់យក្សសន្ទមាអាន ដោយសារនោះបានសរសេរ​ថា ​«បើរិទ្ធិ​សែន​ទៅដល់ពេលថ្ងៃត្រូវសម្លាប់ទាំងថ្ងៃ បើទៅដល់ពេលយប់ត្រូវសម្លាប់ទាំងយប់»

បន្ទាប់ពីអានរួចទេវតាបានដូររាជសារមកជាថា«បើរិទ្ធិសែនទៅដល់ទាំងថ្ងៃត្រូវរៀបការទាំងថ្ងៃ បើទៅ​ដល់​យប់ត្រូវរៀបការទាំងយប់»។ ពេលរិទ្ធិសែនក្រោកឡើង ក៏បន្តដំណើរទៅមុខទៀត រហូត​ដល់នគរ​សន្ធប់បុរាជ និងបានប្រគល់រាជសារដល់ដៃព្រះនាងកង្រីផ្ទាល់។

បន្ទាប់ពីកង្រីបានអានព្រះរាជសាររួចមក ក៏បញ្ជាឱ្យសេនា ភីលាង អាមាត្រក្នុងវាំងទាំងអស់ រៀប​ចំ​ពិធីអភិសេកភ្លាម។ បន្ទាប់ពីរៀបអភិសេកហើយ ដោយហេតុតែស្រលាញ់ស្វាមីខ្លាំងពេក កង្រីក៏បាន​នាំរិទ្ធិសែន ដើរលេងពេញនគររបស់ខ្លួន និងបាននាំទៅមើលវត្ថុស័ក្តិសិទ្ធ ដែលមាន​នៅក្នុង​នគរ​របស់​នាង ដោយមិនមានការលាក់លៀមឡើយ។ បន្ទាប់ពីដើរមើលពេញនគរ និងដឹងរឿងសព្វគ្រប់ហើយ រិទ្ធិសែន​ក៏លួងនាងកង្រី ដើម្បីសួររឿងកែវភ្នែកនាងទាំង១២ ដែលជាម្តាយ និងអ៊ំរបស់ខ្លួន និងឱ្យ​នាង​កង្រី​នាំទៅមើល។

ពេលបានឃើញកែវភ្នែកនាងទាំង១២ហើយ រិទ្ធិសែនបានបង្អកស្រាដល់កង្រីឱ្យស្រវឹង និងបាន​យក​ស្លឹក​ឈើសន្តំមកសូត្រសន្តំយក្សឱ្យដេកលង់លក់ទាំងអស់ រួចរិទ្ធសែនក៏បានទៅលួចយកកែវ​ភ្នែកនាង​ទាំង១២ ហើយបានប្រើស្លឹកឈើដុះស្លាប សូត្រផ្លុំដាក់សេះដើម្បីឱ្យសេះដុះស្លាបអាចហោះហើរបាន។ បន្ទាប់មក រិទ្ធិសែនក៏ឡើងជិះសេះ ហោះចេញទៅ។​ ចំណែកកង្រីបន្ទាប់ពីស្វាងស្រវឹង និងសាបមន្ត​សន្តំ ហើយក៏ដឹងថា រិទ្ធិសែនរត់ចោលនាង។ នាងខំរត់តាមរិទ្ធិសែន។ រត់តាមបណ្តើរ ស្រែកហៅរិទ្ធិ​សែន​បណ្តើរថា«ព្រះស្វាមីចាំខ្ញុំម្ចាស់ផង»។ នាងនៅតែរត់តាមរហូត​ដួលបោកក្បាល​ស្លាប់នៅ​នឹងកន្លែង​ដី​បែក​ប្រេះក្លាយជាអូរ ដែលរិទ្ធិសែនបោះស្លឹកឈើលើប្រថពីនោះ។

បន្ទាប់ពីយកកែវភ្នែកទៅជួយម្ដាយ និងអ៊ំៗរួចមក និងបានបន្សាបមន្តសន្តំរបស់នាងយក្សសន្ទមា​ពី​ព្រះ​បិតា​រួច រិទ្ធិសែន ក៏បានត្រឡប់មកយកសពនាងកង្រី ដើម្បី​យកទៅ​តម្កល់ធ្វើពិធីតាមប្រពៃណីនៅ​នគរ​ពារានសី តែត្រូវព្រះឥន្ទបានមកហាមឃាត់មិនឱ្យយក ដោយ​ឱ្យទុកសពនាងកង្រីនៅកន្លែងដើម និងថា​នៅ​ថ្ងៃក្រោយ នាងនឹងក្លាយជានិមិត្តរូបនៃនារីស្មោះត្រង់បំផុត នៅដែនពារានសីនេះ។

+.រូបសណ្ឋាននៃភ្នំនាងកង្រីនិងជំនឿរបស់អ្នកស្រុក

រូបរាងភ្នំនេះ បើមើលពីចម្ងាយទៅគេឃើញមានសណ្ឋានដូចមនុស្សដេកសណ្តូកខ្លួន។

នៅលើភ្នំនោះមានរុក្ខជាតិតូច ធំដុះច្រើនដូចភ្នំឯទៀតនៅជុំវិញនោះដែរ តែប្លែកជាងគេត្រង់នៅចង្កេះ​ភ្នំ​នោះ មានម្អមដុះច្រើនណែនណាន់តាន់តាប់។ អ្នកស្រុកនៅជុំវិញនោះ គេមិនបរិភោគម្អមនោះទេ ព្រោះ​គេលឺចាស់ៗតំណាលថា៖ ភ្នំនោះកើតចេញរូបនាងកង្រី ហើយគេសន្មតថា ម្អមនោះជារោមយោនី​របស់​នាង​កង្រី។

មិនតែប៉ុណ្ណោះនៅជើងភ្នំនោះ មានត្បាល់ថ្មមួយ និងអង្រែថ្មធំមួយ តាំងពីបុរាណមក មិនដឹងជានរណា​សាង​ទេ។ មុនឡើងភ្នំនោះ គេមានជំនឿថា ត្រូវតែយកអង្រែបុកត្បាល់ថ្មនោះ ទើបមិនចាញ់ និងបាន​សុខ​សប្បាយ នេះជាជំនឿរបស់អ្នកស្រុកដែលមានតាំងបុរាណកាលមក។

+.រមណីយដ្ឋានភ្នំនាងកង្រី

​រមណីយដ្ឋាន​ភ្នំ​នាង​ក​ង្រី មាន​ទស្សនីយភាព​ធម្មជាតិ​យ៉ាង​ទាក់ទាញ​ដែលមាន​រូបរាង​ភ្នំ​យ៉ាង​ចម្លែក​គឺ​រាង​ដូច​មនុស្ស​ដេក​។ នៅលើ​ភ្នំ​នាង​ក​ង្រី មាន​ដើមឈើ​តូចធំ​ជាច្រើន​ប្រភេទ ជើងភ្នំ​មាន​ទន្លេ​យ៉ាង​ធំ​ល្វឹង​ល្វើយ ដែល​អាចឱ្យ​ទេសចរ​ជិះទូក​កម្សាន្ត និង​ងូតទឹក​លេង​បាន​គ្រប់​រដូវ​កាល​។ ទេសចរ​ក៏​អាច​មើល​សម្រស់​ភ្នំ​នា​ងក​ង្រី ពី​ត្រើយម្ខាង​នៃ​ទន្លេ​ផ្សារ​ក្រោម​ផងដែរ​។​ ក្រៅពី​មាន​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ស្អាត ទេសចរ​ក៏​អាច​សិក្សា​ពី​វប្បធម៌ និង​ប្រវត្តិ​នៃ​ភ្នំ​មួយ​នេះ​បានទៀតផង៕

+ឯកសារយោង

-សៀវភៅនិទានរឿងព្រេងខ្មែរអមដោយរូបភាពសំរាប់កុមារលេខ២៦

-ពុទ្ធសាសនបណ្ឌិត

-សារព័ត៌មានFreshnews.

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds