រញ្ជួយដី៥,៦ រ៉ិចទ័រវាយប្រហារឥណ្ឌូនេស៊ីសម្លា.ប់មនុស្សជាង៥០នាក់
(ប្រទេសឥណ្ឌូនេស៊ី)៖ មនុស្សយ៉ាងហោចណាស់ ៥៦ បានស្លាប់ក្នុងគ្រោះរញ្ជួយដីនៅលើកោះជ្វានៃប្រទេសឥណ្ឌូនេស៊ី នាថ្ងៃចន្ទទី២១ ខែវិច្ឆិកានេះ។ នេះបើយោងតាមតួលេខរបស់មន្រ្តីរដ្ឋាភិបាលឥណ្ឌូនេស៊ី គិតត្រឹមល្ងាចថ្ងៃចន្ទ។
ទីភ្នាក់ងារសារព័ត៌មានផ្សេងៗ បានចុះផ្សាយថា ផ្ចិតនៃការរញ្ជួយដីស្ថិតនៅជម្រៅ ១០ គីឡូម៉ែត្រ ក្នុងក្រុង Cianjur នៃខេត្តជ្វាខាងលិច និងប្រហែលជា ៧៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងហ្សាការតា។ ការរាយការណ៍ថា ក្រុង Cianjur រងផលប៉ះពាល់ដោយសាររំញ័រធ្ងន់ធ្ងរជាងគេ ដោយមនុស្សយ៉ាងហោចណាស់ ៧០០នាក់ បានរងរបួស។
បើយោងតាមទីភ្នាក់ងារអាកាសធាតុ និងភូគព្ភសាស្ត្រឥណ្ឌូនេស៊ី (BMKG) គ្រោះរញ្ជួយដីនេះមានកម្រិត ៥,៦ រ៉ិចទ័រ និងធ្វើឱ្យមានរំញ័រខ្លាំងៗរហូតដល់រដ្ឋធានីហ្សាការតា ប៉ុន្តែមិនបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនោះទេ។
លោក Herman Suherman ប្រធានរដ្ឋបាលនៅទីក្រុង Cianjur បានប្រាប់ទូរទស្សន៍ឥណ្ឌូនេស៊ី Kompas TV ថា៖ «ទិន្នន័យចុងក្រោយបំផុតបង្ហាញថា មនុស្ស ៥៦នាក់ បានស្លាប់។ មនុស្សប្រហែល ៧០០នាក់ បានរងរបួស។ ជនរងគ្រោះមកពីតំបន់ផ្សេងៗគ្នា»។ មុននោះ មន្រ្តីដដែលក៏បានប្រាប់ទៅទូរទស្សន៍មួយផ្សេងទៀតថា អ្នករងគ្រោះជាច្រើនបណ្ដាលមកពីអគារបាក់សង្កត់លើ។
មកទល់ពេលនេះ អាជ្ញាធរឥណ្ឌូនេស៊ី មិនទាន់អាចកំណត់ពីផលប៉ះពាល់លម្អិតបាននៅឡើយទេ ប៉ុន្តែមន្រ្តីនាំពាក្យនៃរដ្ឋបាលមូលដ្ឋានម្នាក់ បានប៉ាន់ស្មានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ផ្ទះរាប់ពាន់ខ្នងត្រូវបានខូចខាត។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលធ្វើឱ្យតំបន់នេះរងនូវគ្រោះរញ្ជួយដី និងផ្ទុះភ្នំភ្លើងញឹកញាប់។ កាលពីខែកុម្ភៈ ការរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រ បានសម្លាប់មនុស្សយ៉ាងតិច ២៥ នាក់ និងរបួសជាង៤៦០ នាក់ នៅក្នុងខេត្តស៊ូម៉ាត្រាខាងលិច។ នៅខែមករាឆ្នាំមុន ការរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រដូចគ្នា បានបណ្ដាលឱ្យមនុស្សជាង ១០០ នាក់ ស្លាប់និងរបួសជិត ៦ ៥០០ នាក់នៅក្នុងខេត្ត West Sulawesi ហើយក្នុងប្រវត្តិសាស្រ្តដ៏ជូរចត់មួយរបស់ពិភពលោក គឺរញ្ជួយដីក្នុងកម្រិតពី ៩,១ ទៅ ៩,៣ រ៉ិចទ័រ នៅឆ្នាំ ២០០៤ ក្នុងមហាសមុទ្រឥណ្ឌា ក្បែរកោះស៊ូមាត្រា ដែលបង្កឱ្យមានរលកយក្សស៊ូណាមិស្លាប់មនុស្សអស់ជិត ២៣០ ០០០ នាក់ នៅទូទាំងប្រទេសរាប់សិប ដោយឥណ្ឌូនេស៊ី ស្រីលង្កា ឥណ្ឌា ម៉ាល់ឌីវ និងថៃ រងគ្រោះខ្លាំងជាងគេ៕